អន្តរជាតិ ៖ តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងវិញ នៅក្នុងការជួញដូរដំបូងនៅអាស៊ី ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីធ្លាក់ចុះបានត្រឹមមួយដង្ហើមចង្រិត កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ខណៈដែលបច្ចុប្បន្នបណ្តាវិនិយោគិនកំពុងបារម្ភថា ការផ្គត់ផ្គង់ពីតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា អាចនឹងមិនបន្តឡើងវិញទាំងស្រុងនោះទេ ដោយសង្ស័យថា ច្រកសមុទ្រហ័រមូស (Hormuz) នៅតែមានការរឹតបន្តឹង។ នេះបើតាមប្រភពពី Reuters បានចេញផ្សាយ។
កិច្ចសន្យាប្រេងឆៅម៉ាក Brent ដែលជាស្តង់ដារសកលនោះ បានកើនឡើង ២,៦ ដុល្លារ ឬ ២,៧៤% នៅតម្លៃ ៩៧,៣៥ ដុល្លារក្នុង១បារ៉ែល គិតត្រឹមម៉ោង ០៧:៥០ នាទីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា)។ ចំណែកកិច្ចសន្យាប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានកើនឡើង ៣,០២ ដុល្លារ ឬ ៣,២% នៅតម្លៃ ៩៧,៤៣ ដុល្លារក្នុង១បារ៉ែល។
តម្លៃប្រេងឆៅស្តង់ដារទាំងពីរបានធ្លាក់ចុះយ៉ាងខ្លាំង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅត្រឹម ៩៤,៥០ ដុល្លារ/បារ៉ែលសម្រាប់ Brent និង ៩៦,៨០ដុល្លារ/បារ៉ែលសម្រាប់ WTI ដោយកត់ត្រាការធ្លាក់ចុះដ៏ច្រើនបំផុតរបស់ខ្លួន ចាប់តាំងពីខែមេសា ឆ្នាំ២០២០ ដោយសារតែការរំពឹងទុកថា បទឈប់បាញ់រយៈពេល២សប្តាហ៍ដែលមានលក្ខខណ្ឌរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ រួមបញ្ចូលទាំងការបើកច្រកហ័រមូសឡើងវិញ។ ដ្បិតតម្លៃប្រេងស្តង់ដារទាំងពីរកំពុងតែជួញដូរលើសពី ១០០ដុល្លារ/បារ៉ែល កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
ច្រកហ័រមូស គឺជាផ្លូវទឹកដ៏សំខាន់បានភ្ជាប់ការផ្គត់ផ្គង់ពីបណ្តាប្រទេសផលិតប្រេងនៅឈូងសមុទ្រដូចជាអ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត គុយវ៉ែត និងកាតាទៅកាន់ទីផ្សារពិភពលោក ហើយជាធម្មតាដឹកជញ្ជូនប្រេងប្រហែល ២០% នៃការផ្គត់ផ្គង់សកល។
យ៉ាងណាមិញ សំណួរអំពីលទ្ធភាព និងប្រសិទ្ធភាពនៃបទឈប់បាញ់នៅតែមាន ខណៈដែលអ៊ីស្រាអែលបន្តវាយប្រហារប្រទេសលីបង់ កាលពីថ្ងៃទី៨ ខែមេសា កន្លងទៅ ដែលបណ្តាលឱ្យអ៊ីរ៉ង់ប្រតិកម្មថា សកម្មភាពមិនសមហេតុផលក្នុងការបន្តកិច្ចចរចា ដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។
បណ្តាក្រុមហ៊ុនដឹកជញ្ជូនកាលពីថ្ងៃទី៨ ខែមេសា ក៏បានលើកឡើងផងដែរថា ពួកគេត្រូវការភាពច្បាស់លាស់បន្ថែមទៀតលើលក្ខខណ្ឌបទឈប់បាញ់ មុនពេលបន្តដឹកជញ្ជូនឆ្លងកាត់ច្រកហ័រមូស។
ក្រោយមកប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណថា អ៊ីរ៉ង់បានចេញផែនទី ដើម្បីបង្ហាញ និងកំណត់ផ្លូវសុវត្ថិភាពសម្រាប់ការឆ្លងកាត់ដោយមានការសម្របសម្រួលជាមួយនឹងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ តាមរយៈនេះ បណ្តាអ្នកវិភាគបានលើកឡើងថា ការដឹកជញ្ជូនឆ្លងកាត់ច្រកហ័រមូសមិនអាចធ្វើបានភ្លាមៗនោះទេ ព្រោះតែវានៅតែស្ថិតក្នុងការសំរេចចិត្តរបស់អ៊ីរ៉ង់ដដែល៕


ចែករំលែកព័តមាននេះ