ប្រទេសកូរ៉េខាងជើង ៖ កូរ៉េខាងជើងគូសបញ្ជាក់ នាថ្ងៃទី៩ មេសា ថា ការសាកល្បងមីស៊ីលដែលខ្លួនបានធ្វើក្នុងសប្ដាហ៍នេះ គឺជាមីស៊ីលដែលបំពាក់ប្រព័ន្ធអាវុធថ្មីៗ ពិសេស បណ្ដាមីស៊ីលបាលីស្ទិកបំពាក់ដោយក្បាលគ្រាប់អំបែង ពេលដែលប្រទេសនោះ ខិតខំពង្រឹងកងទ័ពខ្លួន បំពាក់ដោយសមត្ថភាពនុយក្លេអ៊ែរ ប្រឈមមុខនឹងគូប្រជែងកូរ៉េខាងត្បូង ។

របាយការណ៍នេះ ដែលចេញផ្សាយដោយបណ្ដាសារព័ត៌មានរដ្ឋកូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់កងទ័ពកូរ៉េខាងត្បូងពីការចាប់ឃើញការបាញ់មីស៊ីលច្រើនគ្រាប់របស់កូរ៉េខាងជើង ចេញពីតំបន់ឆ្នេរសមុទ្រមួយនាភាគខាងកើតប្រទេស ។ ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើងKCNA គូសបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលទាំងនោះ ធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៦មេសាមក ដែលក៏រួមមានផងដែរ ការបង្ហាញអាវុធការពារអាកាស ប្រព័ន្ធអាវុធអេឡិចត្រូម៉ាញ៉េទិក និងគ្រាប់បែកសរសៃកាបោន ។

សេនាធិការដ្ឋានចម្រុះកងទ័ពកូរ៉េខាងត្បូងអះអាងថា បណ្ដាមីស៊ីលដែលកូរ៉េខាងជើងបាញ់ចេញកាលពីថ្ងៃទី៨ មេសា ហោះហើរក្នុងចម្ងាយពី២៤០ ទៅ៧០០គីឡូម៉ែត្រ មុនធ្លាក់ក្នុងសមុទ្រហើយគេចាប់ឃើញដែរការបាញ់មីស៊ីលមួយគ្រាប់ចេញពីតំបន់មួយ ស្ថិតនៅជិតក្រុងព្យុងយ៉ាង។ KCNAបញ្ជាក់ថា ការសាកល្បងចុងក្រោយទាំងនេះរួមមានការបង្ហាញមីស៊ីលបាលីស្ទិកបំពាក់ប្រព័ន្ធក្បាលគ្រាប់អំបែង។ ក្បាលគ្រាប់បែបនោះបំពាក់លើមីស៊ីលHWASONG -11មានសមត្ថភាពនុយក្លេអ៊ែរ។ មីស៊ីលនោះមានសណ្ឋានដូចមីស៊ីលរុស្ស៊ី ISKANDER ដែលហោះហើរក្នុងកម្ព្ស់ទាប និងអាចបញ្ជាបានដើម្បីគេចពីប្រព័ន្ធការពារប្រឆាំងមីស៊ីល។

របាយការណ៍គូសបញ្ជាក់ទៀតថា ការបាញ់សាកល្បងទាំងនោះបង្ហាញថា មីស៊ីលរយៈខ្លីនោះ ពេលបំពាក់ក្បាលគ្រាប់អំបែងអាចកម្ទេចក្លាយជាផេះបណ្ដាគោលដៅណាក៏ដោយក្នុង ទំហំពី៦,៦ទៅ៧ហិកតា ៕
ចែករំលែកព័តមាននេះ