ខេត្តបាត់ដំបង ៖ «ពិតជាមនុស្សចង្រៃផុតលេខមែន» អាជ្ញាធរខេត្តបានចំណាយពេលវេលាជាងកន្លះខែកន្លងមកហើយ ថែមទាំងចំណាយថវិការាប់ម៉ឺនដុល្លារទៀត ដើម្បីទិញសម្ភារអគ្គិសនី យកមកតុបតែងលម្អរតាមបណ្ដាស្ពាន និងតាមផ្លូវដងសាធារណៈនានា នៅក្នុងក្រុងបាត់ដំបង ដើម្បីរង់ចាំទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប៉ុន្តែបែរជាមានជនចង្រៃផុតលេខម្នាក់ បានដើរលួចដោះយកអំពូលនៅតាមស្ពាននៅពេលយប់ស្ងាត់ តែត្រូវកម្លាំងអធិការក្រុងតាមក្របួចអូស.កបានភ្លាមៗដែរ ជាមួយនឹងអំពូលប្រមាណ១០គ្រាប់ ។

តាមរយៈរបាយការណ៍មន្ត្រីនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា អំពើ «ចោរកម្ម» បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៩ មេសា នៅចំណុចលើស្ពានសម្ដេចក្រឡា ស ខេង ក្នុងសង្កាត់រតនៈ ក្រុងបាតដំបង (ចំកណ្ដាលបេះដូងទីក្រុងបេតិកភណ្ឌ) ។ ក្រោយកើតហេតុបន្តិច កម្លាំងជំនាញនៃអធិការក្រុងបាត់ដំបង បានចេញអន្តរាគមន៍តាមចាប់ខ្លួនជនចង្រៃម្នាក់នោះបានភ្លាមៗ ដែលកំពុងដើរកាន់អំពូលភ្លើងមួយចង្កោម ។
តាមរបាយការណ៍ដដែល ជនអន្ធពាលម្នាក់នោះ ឈ្មោះ ម៉ែន សុជាតិ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ។ បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ប្រជាពលរដ្ឋបានរាយការណ៍អំពីអំពើចោរកម្មនេះ ពេលគេឃើញជននេះបាននិងកំពុងដើរដោះយកអំពូលនៅលើស្ពាន ។

ហើយមន្ត្រីជំនាញក៏បានចេញអន្តរាគមន៍ភ្លាមៗទៅកាន់ចំណុចកើតហេតុ និងបានប្រទះឃើញជនចង្រៃម្នាក់នេះដើរកកាន់ថង់ច្រកអំពូល ទើបឃាត់ខ្លួនយកទៅសួរនាំតែម្ដង ។ នៅចំពោះមុខសមត្ថកិច្ច និងវត្ថុតាងនៅក្នុងដៃជនអន្ធពាលនេះមិនបានបដិសេធទេ ។ ជននេះបានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានដើរលួចដោះអំពូលភ្លើងពណ៌ចម្រុះនៅតាមស្ពានមែន ។
ដើម្បីចូលរួមអបអរទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនាពេលដ៏ឆាប់ខាងមុខនេះ រដ្ឋខេត្តបាត់ដំបង បានរៀបចំតុបតែងលំអដោយភ្លើងពណ៌ចម្រុះនៅតាមបណ្ដាស្ពាននានាតាមដងស្ទឹងសង្កែ និងតាមដងផ្លូវនានានៅក្នុងក្រុងបាត់ដំបង ជាពិសេស នៅក្នុងតំបន់កម្សាន្តនៅជួរឋាងមុខរដ្ឋបាលខេត្តតែម្ដង ដែលមានសាងសង់តូបតូចៗ សម្រាប់លក់ដូរទំនំនិញ វត្ថុអនុស្សាវរីយ៍ លក់ចំណីអាហារនានា ឬកសិផល និងផលិតផលក្នុងខេត្ត ។

រដ្ឋបាលខេត្តបានដំណើរការតុបតែងភ្លើងពណ៌ និងលំអដោយសម្ភារៈផ្សេងៗទៀតអស់រយៈជាងកន្លះខែហើយ ហើយនឹងអាចរួចរាល់ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ ។ ដោយឡែក ជនអន្ធពាលដែលដើរលួចដោះអំពូលភ្លើងពណ៌ចម្រុះដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះ ទំនងមិនបានឃើញភ្លើងពណ៌ចម្រុះនាពេលរាត្រីក្នុងថ្ងៃចូលឆ្នាំថ្មី ប្រពៃណ៏ខ្មែរទេ ។ បើតាមរបាយការណ៍សមត្ថកិច្ច ពិតមែនតែជនចង្រៃនេះ មិនបានចូលឆ្នាំ តែអាចបានចូលគុកដែរ ៕


ចែករំលែកព័តមាននេះ