រាជធានីភ្នំពេញ ៖ លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានបង្ហាញក្តីសោមនស្សរីករាយទុកជាមុនសម្រាប់ការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ។
តាមរយៈសេចក្តីថ្លែងការណ៍របស់លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បង្ហោះក្នុងហ្វេសប៊ុករបស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា បន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងប៉ារីសរួចមក លោក Macron បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុងប្រទេសបារាំង ។
បើតាមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ទាំងលោក និងសម្តេចធិបតី ក៏មានជំនួបពិភាក្សាផ្លាស់ប្តូរយោបល់រវាងប្រទេសទាំងពីរ នៅក្នុងទីក្រុងប៉ារីសផងដែរ ។ លោក Macron គូសបញ្ជាក់ថា រវាងកម្ពុជា និងបារាំង មានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀតក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ ។
ជាមួយគ្នានោះដែរ លោកសង្កត់ធ្ងន់ថា តាមរយៈអង្គការហ្វ្រង់កូហ្វូនី (Francophonie) កម្ពុជា-បារាំង ក៏កំពុងបន្តដំណើរជាមួយគ្នាផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Villers-Cotterêts ក្នុងឆ្នាំ២០២៤ ការណាត់ជួ បន្ទាប់ ត្រូវបានកំណត់ធ្វើឡើងនៅភ្នំពេញ ដែលនៅទីនោះឯកឧត្តមនឹងមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ច នាខែវិច្ឆិកា ។
ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង គូសបញ្ជាក់បន្ថែមថា នេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតខ្លាំងឡើង ៕
ចែករំលែកព័តមាននេះ