អូតង់-អាមេរិក ៖ សេតវិមាន កាលពីថ្ងៃទី៨ មេសា បានបន្តឹងសំឡេងយ៉ាងខ្លាំងប្រឆាំងអូតង់ ដោយចោទប្រកាន់បណ្ដាសម្ព័ន្ធមិត្តអឺរ៉ុបថា មិនជួយជ្រោមជ្រែងអាមេរិកក្នុងការធ្វើសង្គ្រាមជាមួយអ៉ីរ៉ង់។ បែបនេះ បង្ហាញពីភាពតានតឹងកម្រិតខ្ពស់បំផុត រវាងអូតង់ និងអាមេរិកដែលធ្លាប់តែជាបងធំរបស់សម្ព័ន្ធភាពយោធានោះ ដែលអាមេរិកជាសមាជិកមួយដែរ ។
ពេលជួបជាមួយអគ្គលេខាធិការអូតង់ លោកMARK RUTTE នៅសេតវិមាន ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី៨ មេសា បានបន្ដឹងសំឡេងចំពោះបណ្ដាប្រទេសអឹរ៉ុបជាសមាជិកអូតង់ ។ មុនការជួបគ្នាជាសម្ងាត់នោះ រវាងលោកត្រាំ និងលោកMARK RUTTE អ្នកនាំពាក្យសេតវិមានលោកស្រីការ៉ូលីនលីវីត បានដកស្រង់សម្ដីធ្ងន់ៗរបស់លោកត្រាំដែលថា ពួកគេបង្កើតបញ្ហាហើយពួកគេនឹងរងបរាជ័យ ។ លោកត្រាំបន្តថា លោកមិនសប្បាយចិត្តឡើយ ដែលអូតង់បែរខ្នងដាក់អាមេរិក រយៈពេល៦សប្ដាហ៍ចុងក្រោយនេះ ពេលដែលអាមេរិកជាអ្នកតែងជួយខាងហិរញ្ញវត្ថុដល់កិច្ចការពារពួកគេ ។
តើលោកត្រាំ និងសហរដ្ឋអាមេរិកអាចដើរចេញពីអូតង់ឬ? ពិតណាស់ កំហឹងរបស់លោកត្រាំអមជាមួយការគំរាមជាក់ស្ដែង ។ ពេលសួរនាំពីការចាកចេញជាយថាហេតុរបស់អាមេរិកពីអូតង់ អ្នកនាំពាក្យសេតវិមានគូសបញ្ជាក់ថា នោះជារឿងដែលប្រធានាធិបតីកំពុងពិភាក្សាដោយលោកស្រីលីវីតបញ្ជាក់ថា រឿងនោះត្រូវលើកពេលពិភាក្សាគ្នាជាមួយអគ្គលេខាធិការអូតង់។ យោងតាមកាសែតអាមេរិកWALL STREET JOURNALថា រដ្ឋការអាមេរិកក៏គ្រោងផងដែរដាក់ពង្រាយជាថ្មីកងទ័ពអាមេរិក ខាងក្រៅប្រទេសអឺរ៉ុបទាំងនោះដែលចាត់ទុកថាមានកិច្ចសហការតិចតួច។
ការពិភាក្សាគ្នានៅក្រុងវ៉ាស៊ីនតោនរវាងអគ្គលេខាធិការអូតង់និងលោកត្រាំ ក៏មានវត្តមានផងដែររបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាកូរ៉ូប៊ីយ៉ូ ផ្ដោតលើប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់ សង្គ្រាមនៅអ៊ុយក្រែន និងការពង្រឹងការផ្ទេរបន្ទុករវាងសម្ព័ន្ធមិត្ត ។
លោកដូណាល់ត្រាំមុននេះ បានរិះគន់យ៉ាងខ្លាំងដល់បណ្ដាប្រទេសជាសមាជិកអូតង់ ពិសេស លើការមិនចូលរួមរបស់បណ្ដាប្រទេសជាសមាជិក ក្នុងប្រតិបត្តិការបើកច្រកសមុទ្រហ័រមូស ។ ពេលនោះ លោកត្រាំរហូតដល់លើកឡើងថា បើគ្មានអាមេរិកទេនោះអូតង់គ្រាន់តែជាខ្លាក្រដាសមួយប៉ុណ្ណោះ ។ លោកត្រាំចាត់ទុកប្រទេសទាំងនោះថាកំសាក ដោយលោកប្រកាសថា សហរដ្ឋអាមេរិកនឹងនឹកឃើញជានិច្ចការបដិសេធនោះក្នុងចិត្ត ៕
ចែករំលែកព័តមាននេះ