រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ ម៉ាកយ៉ាម៉ាហា FZ មួយគ្រឿង នៅភូមិអូរគីដេរ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ហើយគេចខ្លួនបាន៥ថ្ងៃ ។
ជនសង្ស័យ ទាំង២នាក់រួមមាន ៖
១.ឈ្មោះ ចាន់ កក្កដា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
២.ឈ្មោះ ឃាល បញ្ញាវុធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(មានសារធាតុ ញៀន) ។
ចំណែកម្ចាស់ម៉ូតូមានឈ្មោះ យូ ជនិន្ទចេស្តា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅផ្ទះលេខ ១៧A ផ្លូវ៣៧១ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍អូតបែកក្អម សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌ ធ្វើការស្រាវជ្រាវ ហើយឈានទៅឃាត់ខ្លួននៅល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
តាមនគរបាល បានឲ្យដឹងទៀតថា នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ជនរងគ្រោះជានិស្សិត បានចតម៉ូតូម៉ាកយ៉ាម៉ាហា FZ ពណ៌ប្រផេះក្រម៉ៅ ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1GV-0360 នៅមុខផ្ទះស្នាក់នៅភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយពុំបានចាក់សោម៉ូតូទេ រួចដើរចូលទៅក្នុងផ្ទះសម្រាកបាត់ទៅ។ លុះដល់ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ជនរងគ្រោះភ្ញាក់ឡើង មកយកម៉ូតូ ដើម្បីជិះទៅរៀន ក៏បាត់ រួចមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។
តាមរយៈការឆែកកាមេរ៉ាសុវត្តិភាព រកឃើញរូបភាពសកម្មភាព ហើយនៅល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានទៅឃាត់ខ្លួន បានជនសង្ស័យ០១នាក់ ឈ្មោះ ចាន់ កក្កដា ភេទប្រុស និងដកហូតវត្ថុតាងម៉ូតូម៉ាកអ៊ែរប្លែក ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-6497 (របស់ជនសង្ស័យ) នៅចំណុចតាមផ្លូវ (សង្កាត់ស្ទឹងមាន ជ័យ) យកមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ចាន់ កក្កដា បានសារភាពថា «ឈ្មោះ ឃាល បញ្ញា និង ឈ្មោះ ឡុង ជាអ្នកយកម៉ូតូម៉ាកអ៊ែរប្លែករបស់ខ្លួន ជិះទៅធ្វើសកម្មភាពលួចយកម៉ូតូម៉ាកយ៉ាម៉ា ហាFZ» ។
ក្រោយមក សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យម្នាក់ ចុះទៅឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឃាល បញ្ញាវុធ នៅសង្កាត់ស្ទឹងមានជ័យទី១ និង ដកហូតបានវត្ថុតាង ដែកកែច្នៃ ចុងស្រួច ចំនួន០១ និងសោរអក្សរអិល រុំស្កត់ពណ៌ខ្មៅ ចំនួន០១ ផងដែរ។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ