រាជធានីភ្នំពេញ ៖ ស្ត្រីជាប្រពន្ធរវល់លេងល្បែងមិនដាំបាយហូប បានធ្វើឱ្យបុរសជាប្តីខឹង និងបានប្រើហឹង្សា វាយប្រពន្ធ បណ្តាលឱ្យសន្លប់ស្ដូកស្ដឹង ចំណែកបុរសជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំ ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅចំនុចផ្ទះជួលមួយកន្លែង ផ្លូវបេតុង ភូមិអូបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានអោយដឹងថា ស្ត្រីជាប្រពន្ធធ្វើការរោងចក្រ ចំណែកបុរសជាប្តីប្រកបរបររើសអេតចាយ មានកូន៣នាក់ប្រុស២ស្រីម្នាក់ក្នុងបន្ទុក ។ ប្តីប្រពន្ធនេះតែងមានបញ្ហាជម្លោះគ្នាជារឿយៗ ។ លុះនៅវេលាដល់ម៉ោងកើតហេតុ បុរសជាប្តីខឹងប្រពន្ធមិនដាំបាយហូប ព្រោះស្ត្រីជាប្រពន្ធជាប់អង្គុយនៅកន្លែងវង់ល្បែង ទើបបុរសជាប្តីខឹងសម្បាបានដើរទៅឈ្លោះ ហើយវាយអូសប្រពន្ធចេញពីកន្លែងលេងល្បែង បណ្តាលឲ្យស្ត្រីជាប្រពន្ធសន្លប់បាត់ស្មារតីតែម្ដង ។
ដោយសារឃើញសភាពបែបនេះ ប្រជាពលរដ្ឋនៅទីនោះមិនមានអ្នកណាហ៊ានជួយនោះទេ តែបានរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ឃាត់ខ្លួនបុរសជាប្តីទាំងយប់ ដើម្បីយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋអូរបែកក្អម ។ ចំណែកស្ត្រីជាប្រពន្ធត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មកដឹកយកទៅសង្គ្រោះ ៕




ចែករំលែកព័តមាននេះ