រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ប្រសិនបើភាគីថៃ សម្រេចដកខ្លួនជាឯកតោភាគីពី អនុស្សរណៈឆ្នាំ២០០១ ដែលនេះជាជំហានមួយ ងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះ នៃឯកសារ ដែលឯកភាពគ្នាកន្លងមក ។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ឆ្លើយតបចំពោះការសាកសួរពីសារព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការពិចារណារបស់ប្រទេសថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នា នៃខ្ពង់រាបបាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០០១ (MOU-2001) អ្នកនាំពាក្យក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមគូសបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១នេះ ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជា និងថៃ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌ មួយដែលភាគីទាំងពីរ អាចទទួលយកបាន ដើម្បីជាមូលដ្ឋានសម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ ។
ប្រភពបានលើកឡើងថា អនុស្សរណៈឆ្នាំ២០០១ ក៏បង្ហាញពីសុច្ឆន្ទៈរបស់ប្រជាជាតិទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែង កំណត់ព្រំដែនសមុទ្រមួយប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នាសម្រាប់ ប្រជាជន នៃប្រទេសទាំងពីរ ។
អ្នកនាំពាក្យលើកឡើងថា តាមសេចក្តីចែង នៃអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១ ឯកសារនេះនៅតែមានសុពលភាពរហូតដល់គោលបំណងរបស់អនុស្សរណៈនេះ ត្រូវបានសម្រេចពេញលេញ។ ដូច្នេះ វាជារឿងគួរឱ្យសោកស្តាយយ៉ាងខ្លាំង ប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីពីអនុស្សរណៈឆ្នាំ២០០១ ដែលនេះជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃឯកសារនេះ ។
ប្រភពបានអះអាងថា ចំពោះប្រទេសកម្ពុជាវិញ នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និង ឥតងាករេចំពោះខ្លឹមសារ និងស្មារតី នៃអនុស្សរណៈនៈ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ រាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១៕

ចែករំលែកព័តមាននេះ