រាជធានីភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយគណៈបញ្ជាការឯកភាពក្រុងបាវិត និងមន្ត្រីអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ដោយមានការសម្របបសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងកាស៊ីណូ ហ្គោដិនហ្គាឡាក់ស៊ីកាស៊ីណូ ស្ថិតនៅផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្នុងប្រតិបត្តិការនេះ កម្លាំងមានសមត្ថកិច្ច បានធ្វើការនាំខ្លួនជនសង្ស័យចំនួន ២៤៤នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន ១៨២នាក់, ជនជាតិចិនចំនួន ៤៩នាក់, ជនជាតិកូរ៉េចំនួន ៩នាក់ និងខ្មែរចំនួន ៤នាក់ ព្រមទាំងបានដកហូតវត្ថុតាងនានាជាអាទិ៍៖ ទូរស័ព្ទដៃចំនួន ៥០៥ គ្រឿង, កុំព្យូទ័រលើតុ ចំនួន ១៥០គ្រឿង, កុំព្យូទ័រយួរដៃ ១គ្រឿង, Monitor ១គ្រឿង, និងរថយន្ត ៤គ្រឿង។
កម្លាំងមានសមត្ថកិច្ច នឹងត្រូវបន្តនីតិវិធីស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងអនុលោមតាមច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ។
ដោយពិនិត្យឃើញថា ក្រុមហ៊ុន ខេ ប៊ី អាយ (ខេមបូឌា) ភីអិលស៊ី ដែលមានកាស៊ីណូ ហ្គោដិនហ្កាឡាក់ស៊ី កាស៊ីណូ មានការពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូលេខ ០៨៦ គ.ល.ក. ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដែលបានផ្តល់ជូនក្រុមហ៊ុន ខេ ប៊ី អាយ (ខេមបូឌា) ភីអិលស៊ី ស្ថិតនៅផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមរយៈសេចក្តីសម្រេចលេខ០៣២ គ.ល.ក.សសរ ចុះថ្ងៃទី៨ខែ ខែមេសា គ.ស.២០២៦ ។
ក្នុងយុទ្ធនាការនៃការបោសសម្អាត និងការលុបបំបាត់ឱ្យបានទាំងស្រុងនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា, គ.ល.ក. នឹងប្តេជ្ញាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុតតាមបទបញ្ជារាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៥ ដោយបន្តសហការជាមួយលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងកម្លាំងមានសមត្ថកិច្ច ដើម្បីបន្តចុះប្រតិបត្តិការ ត្រួតពិនិត្យ និងឆែកឆេរ ដោយមិនមានករណីលើកលែងចំពោះ ទីតាំងក្រុមហ៊ុនកាស៊ីណូណាមួយ ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ និងជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នោះឡើយ ៕




ចែករំលែកព័តមាននេះ