ទីក្រុងតេអេរ៉ង់៖ ទោះបីមានបទឈប់បាញ់រយៈពេល២សប្ដាហ៍ក្ដី ក៏អ៊ីរ៉ង់មិនទាន់ឈប់ផ្ទុះអាវុធនៅឡើយដែរ។ ថ្ងៃនេះ មានសេចក្ដីរាយការណ៍ថាប្រទេសខ្លះនៅតំបន់ឈូងសមុទ្រដូចជាគុយវែត និងអារ៉ាប់រួមជាដើមរងការវាយប្រហារបន្ទាប់ពីបទឈប់បាញ់ចូលជាធរមានបានតែបន្តិចប៉ុណ្ណោះ។ កប៉ាល់២គ្រឿងនៅពេលកំពុងបើកកាត់ច្រកសមុទ្រហ័រម៉ូសសុខៗស្រាប់តែរងការបាញ់ប្រហារយ៉ាងសន្ធាប់បន្ទាប់ពីអ៊ីរ៉ង់ឯកភាពថានឹងអនុញ្ញាតឱ្យកប៉ាល់បើកកាត់ទីនោះជាបណ្ដោះអាសន្ននៅអំឡុងពេលនៃការអនុវត្តបទឈប់បាញ់។

ទាំងអាមេរិក និងអ៊ីរ៉ង់សុទ្ធតែអះអាងថាខ្លួនជាអ្នកទទួលជ័យជម្នះនៅក្នុងសង្គ្រាមនេះ។ ប៉ុន្តែអ៊ីរ៉ង់ព្រមានថាសង្គ្រាមមិនទាន់បញ្ចប់នៅឡើយទេលុះត្រាតែភាគីទាំង២ប្រកាសទទួលយកលក្ខន្តិកៈនៃការបញ្ចប់សង្គ្រាមជាផ្លូវការ។ តាមគម្រោង ភាគីទាំង២នឹងចូលតុចរចាដោយប្រយោលនៅថ្ងៃសុក្រសប្ដាហ៍នេះនៅប្រទេសប៉ាគីស្ថាន។ អ៊ីរ៉ង់ដាក់លក្ខខណ្ឌមួយចំនួនជាថ្នូរនឹងការបញ្ចប់សង្គ្រាម។ ក្នុងនោះមានដូចជា៖ ទាមទារគ្រប់គ្រងច្រកសមុទ្រហ័រម៉ូស, ទាមទារចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងទាមទារឱ្យអាមេរិកលុបចោលទណ្ឌកម្មសេដ្ឋកិច្ច។ ការទាមទារទាំងនេះផ្ទុយពីជំហររបស់អាមេរិក។

នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅហុងគ្រីថ្ងៃនេះ អនុប្រធានាធិបតីអាមេរិក លោកជេឌីវេន (JD Vance) ថ្លែងរបៀបសុទិដ្ឋិនិយមផង និងទុទិដ្ឋិនិយមផងថាការចរចាគ្នាលើកនេះអាចនឹងបម្លែងពី «បទឈប់បាញ់ដ៏ផុយស្រួយ» ទៅជាកិច្ចព្រមព្រៀងដ៏ពេញលេញប្រសិនបើអ៊ីរ៉ង់មានសុឆន្ទៈក្នុងការធ្វើការជាមួយអាមេរិក។ ក៏ប៉ុន្តែលោកឆ្លៀតព្រមានថាប្រសិនបើការចរចាគ្នាលើកនេះមិនរីកចម្រើនទៅមុខទេ លោកត្រាំប្រហែលជាលែងអត់ធ្មត់តទៅទៀតហើយ។ លោកត្រាំថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានអាអែហ្វប៉េ (AFP) ថាបទឈប់បាញ់លើកនេះគឺជាការទទួលបានជោគជ័យយ៉ាងពេញទំហឹងរបស់អាមេរិក។

អ៊ីរ៉ង់ក៏ចាត់ទុកបទឈប់បាញ់នេះជាជ័យជម្នះរបស់ខ្លួនផងដែរ។ មិនតែប៉ុណ្ណោះ អ៊ីរ៉ង់ឆ្លៀតនិយាយស៊កសៀតពាក្យសម្ដីថាសង្គ្រាមមិនទាន់ចប់ទេលុះត្រាតែអាមេរិកទទួលយកលក្ខខណ្ឌរបស់ខ្លួន។ ចំណែកឆ្មាំបដិវត្តអ៊ីរ៉ង់ដែលជាកងទ័ពដ៏មានអានុភាពខ្លាំងក្លានោះប្រកាសថាពួកគេមិនជឿទុកចិត្តតាមការសន្យារបស់អាមេរិកទេ។ ពួកគេព្រមានថាដៃរបស់ពួកគេនៅជាប់នឹងកៃកាំភ្លើងជានិច្ច។ សារព័ត៌មានអ៊ីរ៉ង់ផ្សាយថាយោធាអ៊ីរ៉ង់ទើបតែវាយប្រហារដោយមីស៊ីល និងដ្រូនទៅលើមូលដ្ឋានយោធាអាមេរិកនៅប្រទេសអារ៉ាប់រួម និងគុយវែតដើម្បីជាការវាយបកករណីដែលអាមេរិកវាយប្រហារទីតាំងប្រេងរបស់អ៊ីរ៉ង់។

គុយវែតថ្លែងថាទីតាំងប្រេង, រោងចក្រអគ្គិសនី និងរោងចក្រចម្រាញ់ទឹកសមុទ្រទៅជាទឹកសាបរបស់ខ្លួនរងការខូចខាតដោយសារការវាយប្រហារយ៉ាងសន្ធាប់រយៈពេលជាច្រើនម៉ោង។ គុយវែតទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារទាំងស្រុង។ អារ៉ាប់រួមនិយាយថាខ្លួនស្ទាក់ចាប់មីស៊ីលជាច្រើនគ្រាប់ដែលហោះលើដែនអាកាសរបស់ខ្លួន។ ចំណែកបារ៉ែនក៏អះអាងស្រដៀងគ្នាថាអ៊ីរ៉ង់វាយប្រហាររដ្ឋធានីរបស់ខ្លួន។ មិនមែនតែខាងអ៊ីរ៉ង់ទេដែលវាយប្រហារ សូម្បីតែសម្ព័ន្ធមិត្តរបស់អាមេរិកក៏មិនទាន់បង្អង់ដៃនៅឡើយដែរ។

មានសេចក្ដីរាយការណ៍ថាអ៊ីស្រាអែលបន្តវាយប្រហារមូលដ្ឋានរបស់ក្រុមហេសបូឡានៅប្រទេសលីបង់ដែលក្រុមនេះជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។ ហេសបូឡាអះអាងថាខ្លួនលែងផ្ទុះអាវុធទាំងស្រុងតាំងពីម៉ោង១រំលងអធ្រាត្រ។ សេតវិមានបញ្ជាក់ត្រង់ចំណុចនេះថាអ៊ីស្រាអែលក៏ឯកភាពទទួលយកបទឈប់បាញ់នេះដែរ។ ប៉ុន្តែលោកណឺតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថ្លែងថាបទឈប់បាញ់នេះមិនបូកបញ្ចូលទាំងក្រុមហេសបូឡានៅលីបង់នោះទេ។

អ៊ីស្រាអែលជាអ្នកនិយាយលើកទឹកចិត្តឱ្យលោកត្រាំបើកប្រតិបត្តិការយោធានៅអ៊ីរ៉ង់ដែលជាសត្រូវស៊ីសាច់ហុតឈាមរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានញូយ៉កថាមស៍ (New York Times)។ ប្រសិនបើមានកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ មានន័យថារបបដឹកនាំអ៊ីរ៉ង់សព្វថ្ងៃនៅតែបន្តកាន់អំណាចដដែលទោះបីអាមេរិក និងអ៊ីស្រាអែលធ្លាប់នឹកសង្ឃឹមកាលពីដំបូងដៃថាអាចនឹងផ្ដួលរំលំរបបនេះក៏ដោយ៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ