ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្រី ស៊ី​ថុ​ង សុខា ៖ ក្នុង​នាម​ជា​ម្តាយ​​ខ្ញុំ​ត្រូវ​បំបៅ​កូន ហើយ​ក៏​បំពេញ​តួ​នាទី​ការងារ​យ៉ាង​យកចិត្តទុកដាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្ទឹងត្រែង ៖ «​គួរ​ឲ្យ​គោរព​ស្ងើចសរសើរ ទឹកចិត្ត​ម្ដាយ ទោះបីជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គឺ​កូន​តែងតែ​សំខាន់​ជា​និច្ច » ។ នេះ​ជាស​ម្តី​របស់​លោកស្រី ងិ​ន…

ខេត្តស្ទឹងត្រែង ៖ «​គួរ​ឲ្យ​គោរព​ស្ងើចសរសើរ ទឹកចិត្ត​ម្ដាយ ទោះបីជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គឺ​កូន​តែងតែ​សំខាន់​ជា​និច្ច » ។ នេះ​ជាស​ម្តី​របស់​លោកស្រី ងិ​ន ម៉ា​នី​យ៉ា ដែល​ជា​កវីនិពន្ធ​ល្បីឈ្មោះ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស បាន​ពោល​សរសើរ​ដល់​អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា ដែល​ថ្មី​ៗ​នេះ​រូបថត​មួយ​សន្លឹក​របស់​ប្អូនស្រី​គ្រង​ឯកសណ្ឋាន​ប៉ូលិស​សណ្តាប់ធ្នាប់ កំពុង​បីបំ​បៅ​ដោះ​កូនប្រុស​តូច​ក្នុង​ដៃ​ដោយ​គ្រង​ឯកសណ្ឋាន​ប៉ូលិស ត្រូវ​បាន​ចែកចាយ​យ៉ាង​ផុសផុល​ក្នុង​បណ្តាញ​សង្គម​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ និង​មានការ​ជជែក​ដេញដោល​យ៉ាង​ខ្លាំងក្លា ។

អ្នក​នាង លី​ណា អ្នក​រស់នៅ​ភ្នំពេញ គឺជា​មនុស្ស​ម្នាក់​ទៀត​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​ចែកចាយ​រូបភាព​របស់​អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា ក៏​បាន​បញ្ចេញមតិ​ថា «​តាម​យោ​លប​ល់​ខ្ញុំ​គាំទ្រ​គាត់ គាត់​មិន​ខុស​ទេ​ដែល​បំបៅ​ដោះ​កូន ខណៈ​កំពុង​បំពេញការងារ ព្រោះ​កូន​នៅ​តូច ។ សម្រាប់​ខ្ញុំ ទ​ង្វើ​របស់​គាត់ គឺ​សបញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​ការងារ​ទៅ​វិញ​ទេ ទោះបី​គាត់​មាន​កាតព្វកិច្ច​មើលថែ​ទាំ​កូនក្តី នៅ​តែ​មក​បំពេញការងារ​យ៉ាង​សកម្ម​ថែម​ទៀត ។ អង្គភាព និង​ថ្នាក់​ដឹកនាំ គួរ​អាណិត លើកទឹកចិត្ត និង​អោយ​កម្លាំងចិត្ត​គាត់​បន្ថែម​ទៀត ព្រោះ​គាត់​ជា​មន្ត្រី​ដែល​សកម្ម ចេះ​ទទួលខុសត្រូវ​ការងារ​» ។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា បាន​រៀបរាប់​ឲ្យ​ដឹង​ថា លោក​ស្រី​ពិតជា​រំភើប​យ៉ាង​ខ្លាំង​ដែល​បានឃើញ​បងប្អូន​មួយ​ចំនួន​ធំ​បង្ហាញ​ការ​គាំទ្រ​ដល់​រូប​គាត់ ។ យ៉ាងណាមិញ អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា បាន​ពោល​ម្តង​ហើយ​ម្តងទៀត​ថា «​រូបភាព​ដែល​ខ្ញុំ​បំបៅ​ដោះ​ឲ្យ​កូនប្រុស​តូច​អាយុ​ទើបបាន​មួយ​ខួប​២​ខែ​បៅ​នោះ គឺ​ពុំ​មាន​ចេតនា​អាក្រក់​ណាមួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គភាព និង​តម្លៃ​កិត្តិយស​នារី​ខ្មែរ​នោះ​ទេ ។ តែ​រូបភាព​នោះ គឺ​ខ្ញុំ​បំពេញ​តួនាទី​ជា​ម្តាយ ទឹកចិត្ត​ម្តាយ​ដែល​ស្រលាញ់ និង​មាន​ចំពោះ​កូន មិន​អាច​ឲ្យ​កូន​ស្រែកយំ​ដោយសារ​តែ​ឃ្លាន​បៅ​នោះ​ឡើយ ហើយ​ខ្ញុំ​ក៏​បាន​បំពេញ​តួនាទី​ការងារ និង​កាតព្វកិច្ច​របស់ខ្ញុំ​ដែរ​បង មិនមែន​ខ្ញុំ​មើល​កូន​ចោល​ការងារ​នោះ​ទេ​» ។

អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា បាន​បន្ត​ថា «​យ៉ាងណា​ក្តី ខ្ញុំ​សូម​ការ​អ​ព្យា​ស្រ័យ និង​អភ័យទោស​ផង​ដែរ បើសិនជា​រូបភាព​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​បងប្អូន ព្រោះ​ខ្ញុំ​គ្មាន​ចេតនា​អាក្រក់ ឬ​ចង់​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​នារី​ខ្មែរ​ដទៃ​ទៀត​ឡើយ » ។

លោកស្រី​អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា បាន​បន្ត​ទៀត​ថា រូប​គាត់​នា​ពេល​បច្ចុប្បន្ន​នេះ មាន​តួនាទី​ជា​អធិការរង​ស្រុក​សៀម​ប៉ា​ង ខាង​ផែន​សណ្តាប់ធ្នាប់ ដោយ​បាន​ចូល​បម្រើ​ការងារ​នៅ​អធិ​ការ​ដ្ឋាន​​នគរបាល​ស្រុក​សៀម​ប៉ា​ង​តាំងពី​ឆ្នាំ​២០១២ មក​ម្ល៉េះ ក្នុង​តួនាទី​ដំបូង​ធ្វើការ​ជា​នាយ​រង​ខាង​អត្តសញ្ញាណ​កម្ម រហូត​ដល់​ចុងឆ្នាំ ២០១៩ ដល់​បច្ចុប្បន្ន​មាន​ឋានន្តរសក្ដិ​អនុសេនីយ៍ទោ​ទទួល​ផែន​សណ្តាប់ធ្នាប់ ។

លោកស្រី​អធិការរង​ស្រុក​សៀម​ប៉ា​ង បាន​និយាយ​បន្ថែម​ទៀត​ថា «​សម្រាប់​ខ្ញុំ គឺ​ស្រលាញ់​ការងារ និង​បំពេញ​កាតព្វកិច្ច​មិន​ឲ្យ​ខ្វះចន្លោះ​ទេ​បង ហើយ​ក៏​ត្រូវ​មើលថែ​ទាំ​កូន និង​គ្រួសារ​ដែរ​» ។ លោក​ស្រី​អនុសេនីយ៍ទោ​រូប​នេះ​បាន​បន្ត​ថា រូប​នាង​មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់ ដែល​កូនប្រុស​ច្បង​អាយុ​១១​ឆ្នាំ កូនស្រី​ទី​២ អាយុ​៧​ឆ្នាំ និង​កូនប្រុស​ពៅ ដែល​នាង​បាន​បីបំ​បៅដោះ​ក្នុង​រូបថត​ដែល​បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ គឺ​អាយុ​១៤​ខែ​ហើយ ។

«​មិន​ថា​ទីណា កន្លែង​ណា គឺ​ខ្ញុំ​ត្រូវ​បំពេញ​តួនាទី​សំខាន់​ៗ២​យ៉ាង គឺ​តួនាទី​ជា​ម្តាយ និង​តួនាទី​ភារកិច្ច​ជា​ប៉ូលិស​ផែន​សណ្តាប់ធ្នាប់​» ។ នេះ​ជា​ការ​បញ្ជាក់​របស់ លោកស្រី​អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា ។

នៅ​ពេល​សាកសួរ​ថា តើ​លោកស្រី​មាន​អ្វី​ផ្ញើ​សារ​ជា​ពិសេស​សម្រាប់​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨ មីនា នេះ អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា បាន​ពោល​ថា «​សម្រាប់​ខ្ញុំ និយាយ​រួម ចង់​ឲ្យ​ស្ត្រី​គ្រប់​រូប​មាន​ភាព​រ៉ឹង​មាំ និង​ក្លាហាន​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​នៅ​តាម​អង្គភាព និង​ស្ថាប័ន​នានា តែ​កុំ​ភ្លេច​បំពេញ​តួនាទី​ជា​ម្តាយ​ផ្តល់​ភាព​កក់ក្តៅ​ដល់​កូន​ៗ​ផង​ដែរ​» ។

យ៉ាងណាមិញ មហាជន​ភាគច្រើន​បាន​បញ្ចេញ​ទស​ន្សៈ​ថា «​ការ​បង្ហោះ​រូបភាព​មួយ​សន្លឹក​ម្តាយ​បំបៅ​ដោះ​កូន​ជា​ការ​ប្រពៃ​ណាស់ នេះ​ហើយ​ជា​ព្រហ្ម​វិហារធម៌​ទាំង​បួន និង​ទឹក​ចឹ​ត្ត​ម្តាយ​មាន​ចំពោះ​​កូន​ៗ​គ្រប់​រូប បើ​ទោះបី​ម្តាយ​បាន​និង​កំពុង​បំពេញ​តួនាទី និង​ភារកិច្ច​ជូន​អង្គភាព​យ៉ាងណា​ក៏​ដោយ ម្តាយ​នូវ​តែ​ឆ្លៀត​យក​ឱកាស​ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវការ​របស់​កូន​ជា​និច្ច រាល់​ការងា​គ្រប់​បែប​យ៉ាង​ធ្វើ ដើម្បី​តែ​អនាគត​របស់​កូន​តែ​មួយ​គត់​» ។

គួរ​រំលឹក​ថា ៖ ជា​កំហុស ឬ​គួរ​សរសើរ? ប៉ូលិស​ស្រី​១​រូប​បំ​ប៉ៅ​ដោះ​កូន​ពេល​បំពេញការងារ​កំពុង​ជជែក​ផ្អើល​បណ្តាញ​សង្គម

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ