ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានប្រកាសនាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះថា ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបសាធារណជនមេត្តាជ្រាបថា ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសប្បុរសជននានា ក្រសួងបានបញ្ចប់ការជួសជុលព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស ដែលស្ថិតនៅ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល កាលពីឆ្នាំ២០២៥ កន្លងមកនេះ ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបន្តថា ក្នុងគោលបំណងពង្រឹងការអភិរក្ស ថែរក្សាព្រះវិហារបុរាណនិងព្រះពុទ្ធប្រតិមា ក៏ដូចជា ពង្រីកការអប់រំផ្សព្វផ្សាយអំពីសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃនេះ ឱ្យបានទូលំទូលាយ ក្រសួងបានរៀបចំប្រែក្លាយអតីតព្រះវិហារនេះ ទៅជាសារមន្ទីរសម្រាប់តាំងបង្ហាញវត្ថុបុរាណសំខាន់ៗមួយមួយចំនួន ដែលបានបន្សល់ទុកពីព្រះចេតិយ និងបរិវេណអតីតក្រុងឧដុង្គ ដើម្បីបើកជូនសាធារណជនចូលទស្សនា និងសិក្សាស្រាវជ្រាវ នាពេលខាងមុខ ។
ចំពោះកាលបរិច្ឆេទនៃការបើកទ្វារជូនសារធារណជន អាចចូលទស្សនាជាអចិន្ត្រៃយ៍ ក្រសួងនឹងជូនដំណឹងនាពេលក្រោយ បន្ទាប់ពីការងាររៀបចំដាក់តាំងទាំងអស់ ត្រូវបានបញ្ចប់រួចរាល់ ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ក្រសួងបានសម្រេចបើកទ្វារជាបណ្តោះអាសន្នជូនសាធារណជន ចូលទស្សនារយៈពេល២សប្តាហ៍ ពោល គឺចាប់ពីថ្ងៃទី១៣ ដល់២៧ ខែមេសា ឆ្នាំ២០២៦ ៕






ចែករំលែកព័តមាននេះ