ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះ​ពុទ្ធសាសនា ដែលពុទ្ធបរិស័ទតែងតែគោរពប្រតិបត្តិ​សម្រាប់​ក្មេងជំនាន់ក្រោយ​

6 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏​សំខាន់សម្រាប់​រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូនៃយើង នាថ្ងៃពេញបូណ៌មី «គឺថ្ងៃ១៥ កើត» ខែ ពិសាខ…

ខេត្តសៀមរាប ៖ បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏​សំខាន់សម្រាប់​រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូនៃយើង នាថ្ងៃពេញបូណ៌មី «គឺថ្ងៃ១៥ កើត» ខែ ពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ ។

ជាងនេះទៅទៀត បុណ្យវិសាខបូជា តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង‌‌ និង‌ថ្ងៃចូលបរិនិពា្វន‌‌​របស់ព្រះសមណគោត្ត‌ម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង ។‌ និយាយដោយឡែក នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក៏ដូចនៅតាមបណ្តាវត្តនានាក្នុងព្រះរាជណាចក្រកម្ពុជា នៅរសៀលថ្ងៃសុក្រ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី​០១ ខែ ឧសភា គ.ស២០២៦ គណៈកម្មការវត្តប្រាសាទគោកចក បានសហការជាមួយរដ្ឋបាលសង្កាត់គោកចក រៀបចំ ក្បួនដង្ហែ​បុណ្យវិសាខបូជា ក្រោមការដឹកនាំរបស់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និង ជាទីប្រឹក្សាពុទ្ធិកសមាគកម្ពុជរដ្ឋ ដោយមានការចូលរួមពីព្រះសង្ឃ សីលវ័ន្ត សីលវន្តី មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាការពារ ដង្ហែទៅតាមដងវិថីនានាក្នុងក្រុង​ជាង១ពាន់អង្គ/នាក់ចូលរួម ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ បានមានសង្ឃដីកាឲ្យដឹងថា បុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ។ ជាងនេះទៀត ប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័តនិងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីថ្ងៃទី ១៥ ខែ​ធ្នូ ឆ្នាំ ១៩៩៩ ។

ម៉្យាងទៀត បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាស​នា ទាំងបុព្វជិតទាំងគ្រហស្ថ នៅលើសកលលោក តែងតែប្រារព្ធធ្វើជារៀង រាល់ឆ្នាំពុំដែលខាន និងប្រារព្ធឡើងក្នុងគោល បំណង រម្លឹកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្រចាកឧទរព្រះមាតា ទ្រង់បានត្រាស់ដឹង និងទ្រង់រម្លត់ខន្ធចូលកាន់ព្រះបរិនិព្វាន ហើយរៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធពិធី បុណ្យនេះនៅគ្រប់វត្ដអារាមទូទាំងប្រទេស ដោយចាត់ទុកថា ជាការកសាងមហាកុសលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត ។

ពិធីបុណ្យវិសាខបូជាត្រូវបានពុទ្ធសាសនិកចាត់ទុកថាមានសារសំខាន់បំផុតមួយក្នុង ចំណោម​បុណ្យដទៃទៀតនៃព្រះពុទ្ធសាសនាគឺប្រារព្ធឡើងដើម្បីការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនាសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធ សមណគោតម ដែលជាថ្ងៃព្រះអង្គទ្រង់ប្រសូត ព្រះអង្គទ្រង់បានត្រាស់ដឹង និងព្រះអង្គទ្រង់បរិនិព្វាន។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ក៏បានមានសង្ឃដិកាបញ្ជាក់ថា ពុទ្ធបរិស័យជាគ្រហស្ថ សំខាន់យុវជនដែលមើលរំលងពិធីទាំងអស់ផ្សេងៗរបស់ជាតិ ហើយមិនទាន់បានសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ អំពីអត្តសញ្ញាណជាតិរបស់ខ្លួន ដោយអាត្មាក្នុងនាមជាតិខ្មែរ មិនមែននិយាយនៅក្នុងសាសនាណាទាំងអស់ គឺ និយាយចំពោះពិភពលោកទាំងមូល ការជ្រួតជ្រាបផ្សព្វ ផ្សាយគោលធម៌ព្រះពុទ្ធនេះ មានសារសំខាន់ណាស់ ប្រសិនបើមនុស្សយល់ជ្រួតជ្រាបអំពីព្រះពុទ្ធថរិកាឲ្យបានច្បាស់លាស់ ហើយតាំង ចិត្តសិក្សាគោរព ប្រតិបត្តិព្រះពុទ្ធលោកអត់ប្រកាន់សាសនានោះទេ គឺប្រាកដជាកើតសុខសន្តិភាពនៅក្នុងពិភពលោក ផ្ទុយមកវិញបើយើងមិនបានសិក្សាប្រតិបត្តិត្រង់ចំណុចនេះទេយើងនិងមិនបានសេចក្ដីសុខពិតប្រាកដទេ ។

តាមទំនៀមទម្លាប់ប្រពៃណីពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ ត្រូវដើរដង្ហែរប្រទក្សិណ ៣​ជុំសិនមុននឹងចូលព្រះវិហារ ហើយគេយកទេយ្យវត្ថុរៀបចំដាក់នៅមុខពុទ្ធរូប រួចអុជទៀនបូជា ផ្កាភ្ញីផ្សេងៗ ដោយនាំគ្នានមស្ការព្រះរតនត្រ័យ សមាទានសីល សា្តប់ពុទ្ធមន្ត ស្តាប់ធម៌ទេសនា អំពីពុទ្ធប្រវត្តិតាំងពីដើមរហូតដល់ចប់ ព្រះសង្ឃ និងឧបាសក ឧបាសិកា សូត្រធម៌បទផ្សេងៗ និង សម្តែងព្រះធម៌ទេសនា ព្រមទាំងធ្វើពិធីប្រកាសវិសាខបូជាផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ