ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​​ Nvidia ត្រៀម​ចូល​សភា​អាមេរិក​អាទិត្យ​​​ក្រោយ​ដើម្បី​ឆ្លើ​យ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា

48 វិនាទី មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​អឹន​វីឌា (Nvidia) លោក​ជេន​សិន​ហួង ត្រៀម​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​គណៈកម្ម​ការ​សភា​អាមេរិក​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ​ ខាង​មុខ​នេះ​ដើម្បី​ចូល​រួម​សហការ​ឆ្លើយ​បំភ្លឺ​ តប​ទៅ​នឹង​ចម្ងល់​នានា​ជុំ​វិញ​ទំនាក់ទំនង​ជិត​ស្និទ្ធ​របស់​លោក​ជា​មួយ​អ្នក​ស្រី​អាលីស​ហួង និង​បញ្ហា​មួយ​ចំនួន​ទៀត​។ អ្នក​ស្រី​​ជា​អ្នក​ជំនួញម្នាក់ និង​​​ត្រូវ​រដ្ឋាភិបាល​អាមេរិក​ដាក់​ការ​សង្ស័យ​ថា​​ជា​ភ្នាក់​ងារ​ចារកម្ម​​ដែល​ទទួល​បញ្ជា​ពី​​រដ្ឋាភិបាល​ចិន​ដើម្បី​ទាក់​ទង​ស្នេហា​ក្លែង​ក្លាយ ហើយ​ក្រៅ​ចំណង​អាពាហ៍​ពិ​ពាហ៍​ទៅ​ទៀត​។ បេសក​កម្ម​សំខាន់​របស់​អ្នក​ស្រី​ត្រូវ​អាមេរិក​អះ​អាង​ថា​​​ដើម្បី​លួច​ផ្ទេរ​បន្ទះ​ឈីប​បំពាក់​បច្ចេក​វិទ្យា​ជាន់​ខ្ពស់​ទៅ​ឱ្យ​​​ក្រុម​ហ៊ុន​នានា​នៅ​ប្រទេស​ចិន​​​។

សំណុំ​រឿង​ស្នេហា​ក្លែង​ក្លាយ​ដើម្បី​ឈ្លប​យក​ការណ៍​សម្ងាត់​បែប​នេះ​ប្រសិន​បើ​​​ជា​ការ​ពិត វា​នឹង​ត្រូវ​គេ​ចាត់​ទុក​​ជា​យុទ្ធ​សាស្ត្រ​​​អន្ទាក់​​ស្រី​ស្អាត ឬ​ honey trap។ ក្រោយ​ពេល​​ប្រកាស​លា​លែង​​បាន​១១​ថ្ងៃ​ លោក​ហួង​វិល​ទៅ​កាន់​តំណែង​ដូច​ដើម​វិញ​នៅ​ Nvidia។ ប្រភព​ខ្លះ​ថា​ដោយ​សារ​មាន​ការ​ធ្វើ​អន្តរា​គមន៍​ពី​លោក​ដូណាល់​ត្រាំ​។ ទន្ទឹម​នឹង​នោះ មាន​ចម្ងល់​រាប់​មិន​អស់​ពី​មជ្ឈ​ដ្ឋាន​ទូទៅ ហើយ​​នាំ​ឱ្យ​ក្រុម​គណ​បក្ស​សា​ធារណ​រដ្ឋ​ និង​ប្រជា​ធិប​តេយ្យ​ទាម​ទារ​​ឱ្យ​រដ្ឋាភិបាល​​ដាក់​ចេញ​វិធាន​ការ​រឹត​ត្បិត​កាន់​តែ​តឹង​រ៉ឹង​ចំពោះ​ការ​នាំ​ចេញ​បន្ទះ​ឈីប​បំពាក់​អេ​អាយ​។

លោ​កហួង​នឹង​ចូល​​​ឆ្លើយ​សំណួរ​នៅ​ចំពោះ​មុខ​សភា​ខង់​ហ្ក្រែស​ជា​លក្ខណៈ​បិទ​ទ្វារ​ (អសាធារណៈ)​។ ​គណៈ​កម្ម​ការ​ចំនួន​បី​ដែល​​ត្រៀម​​ចោទ​សួរ​លោក​ហួង​​​គឺ៖ ​គណៈ​កម្ម​ការ​កិច្ច​ការ​បរទេស, គណៈ​កម្ម​ការ​ស៊ើប​ការណ៍​​សម្ងាត់ និង​គណៈ​កម្ម​ការ​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ប្រទេស​ចិន​។ ប្រធាន​គណៈ​កម្ម​ការ​ទាំង​បី​សរ​សេរ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​ថា​ «​មិន​មែន​ក្រុម​ហ៊ុន​ Nvidia ចេញ​លទ្ធ​ផល​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​ ហើយ​​​លោ​កជេន​សិន​ហួង​វិល​ទៅ​កាន់​តំណែងវិញ ​អាច​ចាត់​ទុកថា​អ្វី​ៗ​ត្រូវ​បញ្ចប់​ហ្នឹង​គឺ​​មិន​​ដូច្នោះ​ទេ​។ នៅ​មាន​កង្វល់​ជា​ច្រើន​​​ពាក់​ព័ន្ធ​នឹង​បញ្ហា​សន្តិ​សុខ​ជាតិ និង​​មាន​ចម្ងល់​ជា​ច្រើន​​ទៀត​ដែល​ត្រូវ​​ស្រាយ​​បំភ្លឺ​។ យើង​នៅ​តែ​ចង់​បាន​ចម្លើយ​តប​ពាក់​ពន្ធ​នឹង​ការ​បញ្ជូន​ដោយ​លួច​លាក់​ (smuggle) នូវ​ផលិត​ផល​របស់​ Nvidia, ការ​បង្វែរ​​ផលិត​ផល​ទាំង​នោះ​ទៅ​ឱ្យ​​យោធា​​ចិន​ ហើយ​និង​ការ​បំពេញ​តួ​នាទី​របស់​ផលិត​ផល​ទាំង​នោះ​នៅ​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​សមត្ថ​ភាព​អេ​អាយ​របស់​គូ​ប្រជែង​ដ៏​ធំ​បំផុត​របស់​យើង​»​។​

ប្រធាន​អគ្គ​ទី​ប្រឹក្សា​របស់​ Nvidia លោក​ធីម​ថេត​ថឺ (Tim Teter) ក៏​នឹង​ចូល​រួម​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​គណៈ​កម្ម​ការ​រដ្ឋ​សភា​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​ផង​ដែរ​។ បន្ទាប់​ពី​ឆ្លើយ​សំណួរ​របស់​គណៈ​កម្ម​ការ​ទាំង​បី​រួច ​លោក​ជេន​សិន​ហួង​ត្រៀម​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​គណៈ​កម្ម​ព្រឹទ្ធ​សភា​ទទួល​បន្ទុក​ខាង​ធនា​គារ​​នៅ​​​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​​ក្រោយ​។ អ្វី​ដែល​ជា​ចំណុច​ស្នូល​នៃ​រឿង​អាស្រូវ​នេះ​គឺ​ការ​ចោទ​ប្រកាន់​ថា​បន្ទះ​ឈីប​បំពាក់​បច្ចេក​វិទ្យា​ AI ទំនើប​របស់​ Nvidia បាន​ធ្លាក់​ទៅ​ដល់​ដៃ​របស់​ប្រទេស​ចិន​តាម​រយៈ​ក្រុម​ហ៊ុន​មេ​ហ្កា​ស្ពីត (Megaspeed) ដែល​មាន​ទី​ស្នាក់​ការ​នៅ​សិង្ហបុរី​ និង​ដែល​ធ្លាប់​គ្រប់​គ្រង​ដោយ​អ្នក​ស្រី​អាលីស​ហួង​​៕​ ប្រភព៖ AP