រាជធានីភ្នំពេញ៖ ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាបានបើកសម្ពោធ «ផ្សាររាត្រីឥណ្ឌូណេស៊ី» នៅវិថីថ្មើរជើងចតុមុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា។ ពិធីបើកនេះធ្វើឡើងក្រោមអធិបតីភាពលោក Krishnajie ភារធារីស្តីទីស្ថានទូតឥណ្ឌូណេស៊ី និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក Krishnajie បានឱ្យដឹងថា ផ្សាររាត្រីឥណ្ឌូណេស៊ីដែលបានរៀបចំតាំងពីឆ្នាំ២០២៤ គឺជាគំនិតផ្ដួចផ្ដើមមួយដើម្បីនាំប្រទេសឥណ្ឌូណេស៊ីឱ្យកាន់តែជិតស្និទ្ធនឹងកម្ពុជា តាមរយៈការផ្សព្វផ្សាយផលិតផល ម្ហូបអាហារ និងវប្បធម៌។ លោកបានលើកឡើងថា ផ្សាររាត្រីឥណ្ឌូណេស៊ីបានក្លាយជាវេទិកាមួយដែលនាំប្រជាជនឥណ្ឌូណេស៊ី កម្ពុជា និងប្រជាជនមកពីបណ្ដាប្រទេសផ្សេងៗមកជួបជុំគ្នា ភ្ជាប់ទំនាក់ទំនង និងឈ្វេងយល់ពីគ្នាទៅវិញទៅមក ខណៈរីករាយជាមួយម្ហូបអាហារឥណ្ឌូណេស៊ីចម្រុះ ការសម្ដែងវប្បធម៌ និងតន្ត្រី។
ព្រឹត្តិការណ៍នេះក៏មានគោលបំណងពង្រីកទីផ្សារផលិតផលឥណ្ឌូណេស៊ីនៅកម្ពុជា ដូចជា អាហារសម្រន់ មីកញ្ចប់ ផលិតផលថែរក្សាផ្ទាល់ខ្លួន និងផលិតផលប្រើប្រាស់ផ្សេងៗ។ តាមទិន្នន័យពាណិជ្ជកម្មដែលស្ថានទូតបានបង្ហាញ ការនាំចេញរបស់ឥណ្ឌូណេស៊ីមកកម្ពុជាមានទឹកប្រាក់ចំនួន ១.០២១ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេលពីខែមករា ដល់ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ ស្ថានទូតក៏បានប្រគល់វិញ្ញាបនបត្រ «Duta Rasa Nusantara» ដល់ភោជនីយដ្ឋានឥណ្ឌូណេស៊ីចំនួន២ គឺ Padang Nusantara និង Nong & Krong ដើម្បីទទួលស្គាល់ការចូលរួមផ្សព្វផ្សាយម្ហូបឥណ្ឌូណេស៊ីនៅកម្ពុជា។
ក្រៅពីការតាំងបង្ហាញផលិតផល និងម្ហូបអាហារ ផ្សាររាត្រីនេះក៏មានការសម្ដែងរបាំ និងតន្ត្រីប្រពៃណីឥណ្ឌូណេស៊ី ដោយមានការចូលរួមពីតារាចម្រៀងកម្ពុជា នេន ទុំ និង SAI ព្រមទាំងការបង្ហាញក្បាច់គុន បញ្ចសីលាដោយកីឡាករកម្ពុជា។ កម្មវិធីទាំងនេះជាឱកាសបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ និងសិល្បៈនៃប្រទេសទាំងពីរ។
តាមរយៈព្រឹត្តិការណ៍នេះ ស្ថានទូតឥណ្ឌូណេស៊ីរំពឹងថា នឹងជួយពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ពង្រីកវត្តមានផលិតផលឥណ្ឌូណេស៊ីក្នុងទីផ្សារកម្ពុជា និងជំរុញការផ្លាស់ប្តូរវប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍។ ការនាំយកផលិតផល ម្ហូបអាហារ កីឡា និងការកម្សាន្តមករួមគ្នា ក៏ជាផ្នែកមួយនៃការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូណេស៊ីផងដែរ៕
ចែករំលែកព័តមាននេះ