ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដី​រេ​ចង្កូត​បុ.ក​រះរថយន្ត​៣​គ្រឿង​ផ្សេង​ទៀត រង​របួស​​២០​នាក់ នៅ​លើ​ផ្លូវជាតិ​លេខ​៤១

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​-​ស្រី​ចំនួន​២០​នាក់ បាន​រង​របួសធ្ងន់​ស្រាល ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ ព្យាបាល​ភ្លាម​ៗ​នៅ​ឯ​មន្ទីរពេទ្យ ​ក្នុងហេតុការណ៍​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​រេ​ចង្កូត​បុក​រះ​រថយន្ត​ចំនួន ៣​គ្រឿង​រង​ការ​ខូចខាត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ និង​សមត្ថកិច្ច​។

ករណី​រថយន្ត​បុក​រះ​​ខាងលើនេះ​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤​និង ៣២​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៦-១៧ ស្ថិត​នៅ​ក្នុងភូមិ​ខ្លែង​ពណ៌​ជើង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​ស្រុក​គងពិសី បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ​មាន​រថយន្ត​ដឹក​ដី​ម៉ាក Nissan ពណ៌​ស ពាក់​ផ្លា​ក​លេខ​ចង្កូត​ស្ដាំ KDL-1399 បាន បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១ ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ខាងលើ​បាន​រេ​ចង្កូត​បុក​រថយន្ដ​មួយ​គ្រឿង​ម៉ាក LEXUS HS250H ពណ៌​ខ្មៅ ពាក់ ផ្លា​ក​លេខ​ភ្នំពេញ 2BV-3910 បន្ដ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក ISUZU ប្រភេទ​ក្រឡុក​ស៊ីម៉ង់ត៍ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 5A-0086 រួច​បន្ត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Nissan ពណ៌​ស​គ្មាន​ពាក់​ផ្លា​ក​លេខ ដែល​ដឹក​កម្មករ​រោងចក្រ​ពេញ​ចេញពី​ធ្វើការ​រោងចក្រ ឆ្ពោះទៅ​ផ្ទះ​។

​តាម​ការ​បញ្ជាក់​របស់​លោក​វរសេនីយ៍ឯក យ៉ាង សុខ​លី អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ ផ្ដើម​ចេញ​មក​ពី​រថយន្ដ​ដឹក​ដី ពាក់​ផ្លា​ក​លេខ​ចង្កូត​ស្ដាំ KDL-1399 បើកបរ​ដោយ​ឈ្មោះ សុខ សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ​តុង​រ៉ុ​ង ឃុំ​តុង​រ៉ុ​ង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មិន​បន្ថយល្បឿន និង​មានការ​ឆ្វេស​ប្រហែស​លើ​ការ​បើកបរ​បាន​បង្ក​ឱ្យ​រង​ការ​ខូចខាត​សម្ភារៈ​ទ្រព្យសម្បត្ដិ​រថយន្ដ​ចំនួន​៤​គ្រឿង និង​រង​របួស​មនុស្ស​ចំនួន ២០​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​១៦​នាក់ កំពុង​សង្គ្រោះ​បន្ទាន់​។ ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​នគរបាល​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​