ខេត្តសៀមរាប៖ អង្គការ Lotus World បានចូលរួមចំណែកជួយកុមារកំព្រា កុមារងាយរងគ្រោះ និងគ្រួសារក្រីក្រនៅខេត្តសៀមរាប អស់រយៈពេល២០ឆ្នាំមកហើយ តាមរយៈការផ្ដល់ទីជម្រក អាហារ ការអប់រំ និងជំនួយផ្សេងៗដល់សហគមន៍។ ការរួមចំណែកនេះត្រូវបានលើកឡើងក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលកុមារកម្ពុជារបស់អង្គការ Lotus World នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប។
ក្នុងរយៈពេលកន្លងមក អង្គការបានផ្ដល់ការថែទាំដល់កុមារកំព្រា និងកុមារដែលបាត់បង់ការគាំទ្រពីគ្រួសារ ព្រមទាំងជួយសហគមន៍តាមរយៈការសាងសង់អគារសិក្សា បណ្ណាល័យ បង្គន់អនាម័យ និងប្រព័ន្ធចម្រោះទឹកស្អាត។ ក្រៅពីនេះ ក៏បានផ្ដល់កង់ដល់សិស្សក្រីក្រ សាងសង់ផ្ទះ និងផ្ដល់ស្បៀងជាប្រចាំដល់គ្រួសារខ្វះខាតផងដែរ។
អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង បានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំនេះ អង្គការ Lotus World បានសហការយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ក្នុងការជួយកុមារ និងប្រជាពលរដ្ឋងាយរងគ្រោះ។ ចំណែកលោក តូច ចាន់នី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានលើកទឹកចិត្តឱ្យអង្គការបន្តធ្វើជាដៃគូដ៏រឹងមាំជាមួយរាជរដ្ឋាភិបាល ដើម្បីពង្រឹងការថែទាំ និងការពារកុមារពីអំពើហិង្សា ការរំលោភបំពាន ការកេងប្រវ័ញ្ច និងការជួញដូរ។
ជាមួយគ្នានេះ ព្រះតេជព្រះគុណ សង់ក្វាន់ ស្ថាបនិកអង្គការ Lotus World បានបញ្ជាក់ពីការប្ដេជ្ញាបន្តរួមដំណើរជាមួយកុមារជានិច្ច និងលើកទឹកចិត្តឱ្យកុមារជឿជាក់លើតម្លៃរបស់ខ្លួន។ គួរបញ្ជាក់ថា អង្គការ Lotus World ជាអង្គការពុទ្ធសាសនាមហាយានកូរ៉េ ដែលបានអនុវត្តគម្រោងក្នុងវិស័យសង្គមកិច្ច អប់រំ និងសុខាភិបាលនៅខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០០៦៕
ចែករំលែកព័តមាននេះ