ទីក្រុងម៉ូស្គូ៖ បន្ទាប់ពីលេចឮព័ត៌មានយ៉ាងគគ្រឹកគគ្រេងថារុស្ស៊ីកំពុងជ្រើសរើសទាហានស៊ីឈ្នួលជាច្រើនម៉ឺននាក់ដើម្បីទៅជួយច្បាំងពួកគេនៅក្នុងសង្គ្រាមអ៊ុយក្រែន មានតាំងពីតំបន់អាហ្វ្រិក អាមេរិកឡាទីន មជ្ឈិមបូព៌ា រហូតដល់អាស៊ីអាគ្នេយ៍ អ្នកនាំពាក្យកម្ពុជាបញ្ជាក់ថារាជរដ្ឋាភិបាលមិនមានគោលនយោបាយអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនធ្វើជាទាហានស៊ីឈ្នួលដើម្បីចេញទៅធ្វើសង្គ្រាមនៅប្រទេសដទៃឡើយ។ ការថ្លែងដូច្នេះបន្ទាប់ពីសហភាពអឺរ៉ុបប្រចាំកម្ពុជាអះអាងថានៅក្នុងចំណោមទាហានស៊ីឈ្នួលទាំងនោះក៏មានពលរដ្ឋកម្ពុជាផងដែរ។

អ្នកនាំពាក្យកម្ពុជាថ្លែងថារាជរដ្ឋាភិបាលមិនមានគោលនយោបាយអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនទៅបម្រើការជាទាហានស៊ីឈ្នួលនៅបរទេសឡើយ ហើយក៏គ្មានសកម្មភាពជ្រើសរើសទាហានស៊ីឈ្នួលប្រភេទនេះត្រូវបានអនុញ្ញាតនោះដែរ។ សូមរំលឹកថាគណៈប្រតិភូរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជាបានបង្ហោះសារនៅលើហ្វេសប៊ុកថារុស្ស៊ីត្រូវការជ្រើសរើសទាហានបរទេសជាច្រើននាក់ដើម្បីទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ប៉ុន្តែរុស្ស៊ីមិនមែនប្រកាសត្រង់ៗថាជ្រើសរើសទៅធ្វើទាហានទេ។ រុស្ស៊ីប្រើប្រាស់វេទិកាបែបបំភាន់ ក្រោមរូបភាពជាការប្រកាសជ្រើសរើសបុគ្គលិកក្លែងក្លាយ និងបន្ទាប់មក ប្រើវិធីបង្ខិតបង្ខំឱ្យធ្វើជាទាហាន និងចេញច្បាំងតែម្ដង។

សហភាពអឺរ៉ុបអះអាងថារហូតមកទល់នឹងពេលនេះ រុស្ស៊ីរើសបានទាហានស៊ីឈ្នួលជាង៤៦០០០នាក់ មកពីជាង១៥០ប្រទេសនៅទូទាំងសាកលលោក។ ក្នុងនោះ ទាហានស៊ីឈ្នួលយ៉ាងតិច៥១០០នាក់បានស្លាប់នៅក្នុងសង្គ្រាម។ ឆ្លើយតបទៅនឹងសាររបស់សហភាពអឺរ៉ុប អ្នកនាំពាក្យកម្ពុជាសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យមានការជ្រើសរើសពលរដ្ឋរបស់ខ្លួនដើម្បីធ្វើជាទាហានស៊ីឈ្នួលច្បាំងនៅបរទេសទេ ទោះបីនៅក្នុងទម្រង់ណាក៏ដោយ។ កម្ពុជានឹងឃ្លាំមើល ហើយនិងស៊ើបអង្កេតបញ្ហានេះជាបន្តទៀត។

ប្រសិនបើរកឃើញថានរណាម្នាក់ជ្រើសរើសពលរដ្ឋកម្ពុជាដើម្បីទៅធ្វើសង្គ្រាមនៅបរទេសតាមរយៈបណ្ដាញលួចលាក់ ឬតាមមធ្យោបាយខុសច្បាប់ អាជ្ញាធរនឹងចុះបង្ក្រាបភ្លាម។ គួរកត់សម្គាល់ថាសហភាពអឺរ៉ុបគ្រាន់តែអះអាងថាមានពលរដ្ឋកម្ពុជាត្រូវគេជ្រើសរើសទៅច្បាំងនៅអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ថាមានចំនួនប៉ុន្មាននាក់ពិតប្រាកដទេ។ ម៉្យាងទៀត ការជ្រើសរើស និងការទៅច្បាំងនៅក្នុងសង្គ្រាមអ៊ុយក្រែននោះនឹងត្រូវការការពិនិត្យផ្ទៀងផ្ទាត់បន្ថែមទៀតដើម្បីបញ្ជាក់ការពិត។

ប្រភពខ្លះឱ្យដឹងថារុស្ស៊ីបន្តជ្រើសរើសជនជាតិបរទេសដើម្បីទៅច្បាំងនៅអ៊ុយក្រែន។ ជាពិសេស រុស្ស៊ីកំពុងផ្ដោតសំខាន់ទៅលើទ្វីបអាហ្វ្រិក និងអាមេរិកឡាទីន។ បន្ទាប់ពីរើសបានពលរដ្ឋនៅអាហ្វ្រិកជាច្រើននាក់ ទីក្រុងម៉ូស្គូក៏ជ្រើសរើសបានជនជាតិប្រេស៊ីល និងកូឡុំប៊ីជាបន្តបន្ទាប់ផងដែរ។ អ្នកខ្លះចាញ់បោកគេដោយសារគេសន្យាផ្ដល់ការងារល្អឱ្យធ្វើ, ទទួលបានប្រាក់ខែច្រើន, មានឱកាសទទួលបានសញ្ជាតិរុស្ស៊ី ឬឈរជើងនៅលើទីតាំងឆ្ងាយពីខ្សែត្រៀមមុខ។ ប៉ុន្តែជាក់ស្ដែង បន្ទាប់ពីទៅដល់រុស្ស៊ីភ្លាម ពួកគេទទួលការហ្វឹកហាត់ត្រឹមតែពីរបីអាទិត្យប៉ុណ្ណោះ រួចហើយត្រូវគេបញ្ជូនចូលសមរភូមិក្ដៅនៅអ៊ុយក្រែនតែម្ដង។

វិធីជ្រើសរើសទាហានរបស់រុស្ស៊ីធ្វើឱ្យមានវិមតិសង្ស័យជាច្រើន។ ជាការពិត ជនជាតិបរទេសធ្វើដំណើរទៅច្បាំងនៅអ៊ុយក្រែនដោយសុទ្ធចិត្ត ប៉ុន្តែអ្នកខ្លះទៀតចាញ់បោកគេដោយសារគេសន្យាផ្ដល់ការងារល្អ ប្រាក់ខែច្រើន ឬលក្ខខណ្ឌល្អៗនៅក្នុងការបំពេញការងារ។ អង្គការសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិរកឃើញថាមានការបោកបញ្ឆោត ការបង្ខិតបង្ខំ និងការរត់ពន្ធមនុស្ស។ ពួកគេហ្វឹកហាត់មិនបានប៉ុន្មានទេក៏ត្រូវរុស្ស៊ីរុញចូលសមរភូមិតែម្ដង៕ ប្រភព៖ New York Times និងប្រភពដទៃទៀត

ចែករំលែកព័តមាននេះ