ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌរាជធានី​ភ្នំពេញ បង្ហាញមុខក្រុម​ក្មេង​ទំនើង​និង​លួច​ចំនួន២២​នាក់​ប្រព្រឹត្ត​បទល្មើស​៥​ករណី  

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​ចំនួន​២២​នាក់​​ប្រព្រឹត្ត​បទល្មើស​ចំនួន​៥​ករណី​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​និង​នគរបាល​ព្រហ្មទណ្ឌ​នៅ​តាម​បណ្តា​ខណ្ឌ​នានា​ស្រាវជ្រាវបង្ក្រាប​បានជា​បន្តបន្ទាប់​ នៅ​ក្នុង​រយៈពេល​៤​ថ្ងៃ​ ហើយ​យក​មក​បង្ហាញ​មុខជា​សាធារណៈ​រួម​គ្នា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែវិច្ឆិកា  ឆ្នាំ​២០២៦​ នេះ​ រួម​ជាមួយ​វត្ថ​តាង​មួយ​ចំនួន​ ។  

តាម​របាយការណ៍​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​បានអោយ​ដឹង​ថា  ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​អនុវត្ត​តាម​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ  និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​, កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​និង​នគរបាល​ព្រហ្មទណ្ឌ​នៅ​តាម​អធិកា​ដ្ឋា​ន​នគរបាល​ខណ្ឌ​នានា​ បាន​ធ្វើការ​ស្រាវជ្រាវ​នៅ​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា​ ដល់​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ​ឆ្នាំ​២០២៦ ​បង្ក្រាប​បាន​បទល្មើស​ជា​បន្តបន្ទាប់​ចំនួន​៥​ករណី​ ឃាត់​ជនសង្ស័យ​ចំនួន​២២​នាក់ នៅ​ក្នុង​នោះ មាន​សារធាតុ​ញៀន​៤​នាក់​ ។

តាម​របាយការណ៍​បានអោយ​ដឹង​ទៀត​ថា  នៅ​ក្នុង​នោះ​មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​កាន់កាប់​អាវុធ​ខុសច្បាប់​ចំនួន​១​ករណី ​ដោយ​ឃាត់ខ្លួន​បាន​ចំនួន​១១​នាក់​,​ករណី​លួច​ម៉ូតូ​១​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​,​ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ចំនួន​៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់​ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២២​នាក់ ​នៅ​ក្នុង​នោះ​នគរបាល​ការិ​យាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បង្ក្រាប​បាន​១​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​កាន់កាប់​អាវុធ​ខុសច្បាប់​ (​ដោយ​ដាវ​កែ​ច្នៃ និង​ដំបង​) ឃាត់ខ្លួន​ចំនួន​១១​នាក់ ជា​ក្រុម​ក្មេង​ទំនើង​ធី​ម​សាលា​បុណ្យ​ដី​តូច​(SLB DT)​។​

នគរបាល​ខណ្ឌទួលគោក​បង្ក្រាប​បាន​១​ករណី​លួច​ម៉ូតូ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ មាន​សារ​ធាតុ​ញៀន​ ។​ នគរបាល​ខណ្ឌ​ឬ​ស្ស​កែវ​បង្ក្រាប​បាន​១​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ មាន​សារធាតុ​ញៀន​០៣​នាក់​។​នគរ បាល​ខណ្ឌដង្កោ​បង្ក្រាប​បាន​២ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ឃាត់ខ្លួន ៧​នាក់​ជា​ក្រុម​ក្មេង ទំនើង​ធី​ម សាលា​បុណ្យ​ដី​តូច​(SLB DT)​និង​ក្រុម​ខ្លាំង (JJT)​។

បន្ទាប់​ពី​បង្ហាញមុខ​ជនសង្ស័យ​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕