ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពីបទគាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិអ្នកដទៃ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ នគរបាលស្រុកភ្នំស្រុក ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះដែលបាត់បង់ទ្រព្យសម្បត្តិរួចមក បានធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមវិធានការជំនាញឈានដល់ការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន២នាក់ នៅវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០២៦ ពីបទគាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិអ្នកដទៃនៅចំណុចភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានករណីគាស់ទម្លុះទម្លាយឃ្លាំងលក់គ្រឿងសំណង់យកទ្រព្យសម្បត្តិក្នុងបន្ទប់ដេកនិងបណ្ដឹងរបស់ជនរងគ្រោះឈ្មោះឆម បណ្ឌិត ភេទប្រុស អាយុ២៦ឆ្មាំ នៅភូមិស្វាយស ឃុំពន្លៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកបានដឹកនាំកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន មុខសញ្ញាជនសង្ស័យចំនួន២នាក់ 1-ឈ្មោះ ឈូ លីត ហៅប្រុស ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ 2-ឈ្មោះ ហិញ សៀវមិញ ហៅព្រលឹត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក និងធ្វើតេស្តរកសារធាតុញៀនវិជ្ជមាន(+)ទាំង២នាក់។

លោកអធិការបានបញ្ជាក់ថា ក្រោយឃាត់ខ្លួននិងសាកសួរចម្លើយ ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេពិតជាបានឡើងដំបូលឃ្លាំងលក់គ្រឿងសំណង់យកកន្ត្រៃកាត់ស័ង្កសី និងគាស់បដានយកបាន ១-ប្រាក់ខ្មែរចំនួន៦,០០០,០០០៛(ប្រាំមួយលានរៀល) ។ ២-កុំព្យូទ័រម៉ាកASUS ពណ៌ទឹកប្រាក់ចំនួន១គ្រឿង ។ ៣-ទូរស័ព្ទដៃម៉ាកTECLASTពណ៌ខៀវ ចំនួន១គ្រឿងពិតប្រាកដមែន លុយដែលគេលួចបានយកទៅចាយវាយអស់ ។

លោកអធិការបានបញ្ជាក់បន្ថែមថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងបណ្ដឹងរបស់ជនរងគ្រោះ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកកំពង់រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តនីតិវិធីបន្ត ៕



ចែករំលែកព័តមាននេះ