រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាឈ្វេងយល់ពីសមុច្ច័យ នៃសារមន្ទីរជាតិ ដែលឆ្លុះបញ្ចាំងពីបរិបទប្រវត្តិសាស្ត្រ វប្បធម៌ និងអារ្យធម៌ខ្មែរ នាសម័យកាលផ្សេងៗ ។
នាកំឡុងពេលដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូត ក៏បានឃើញផ្ទាល់នូវវត្ថុបុរាណមួយចំនួន ដែលអាមេរិកបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជា តាមរយៈកិច្ចសហការដ៏ល្អរវាងប្រទេសទាំងពីរ ក្នុងការរួមគ្នាការពារ និងទប់ស្កាត់ការជួញដូរវត្ថុបុរាណខុសច្បាស់ នាពេលកន្លងមក ។ ជាលទ្ធផល ចាប់តាំងពីឆ្នាំ១៩៩៦មក មានវត្ថុបុរាណមួយចំនួន បានបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិក មកព្រះរាជាណាចក្រកម្ពុជាវិញ មានចំនូនរហូតដល់ជាង៩០០វត្ថុ ដែលមានទាំងទំហំធំ និងតូច រាប់ចាប់ពីរបស់ប្រើប្រាស់ប្រចាំថ្ងៃរហូតដល់ប្រតិមាទេព។ វត្ថុទាំងនោះ មានអាយុកាលចាប់តាំងពីសម័យបុរេប្រវត្តិសាស្ត្រ រហូតដល់សម័យក្រោយអង្គរ ។
ក្រោយបញ្ចប់ការទស្សនាវត្ថុសិល្បៈ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចំណាយពេលវេលាសរសេរចំណាប់អារម្មណ៍នៅក្នុងសៀវភៅក្រាំងរបស់សារមន្ទីរជាតិ ដើម្បីបង្ហាញពីទស្សនៈផ្ទាល់ខ្លួនរបស់ឯកឧត្តមទាក់ទងនឹងការរៀបចំដាក់តាំងបង្ហាញសមុច្ច័យនានានៅក្នុងសារមន្ទីរជាតិកម្ពុជា ៕










ចែករំលែកព័តមាននេះ