ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឯកអគ្គរាជទូតជប៉ុនកោតសរសើរកម្ពុជា រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដោយជោគជ័យ

2 ម៉ោង មុន

រាជធានីភ្នំពេញ៖ ឯកឧត្តម អ៊ីហ្ស៊ីហ្ស៊ូគិ ហ៊ីដេអូ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានកោតសរសើរចំពោះកម្ពុជាដែលបានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រកបដោយជោគជ័យ កាលពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការកោតសរសើរនេះធ្វើឡើងក្នុងជំនួបជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងឱកាសពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។

ក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងស្ថានទូតជប៉ុន ដែលបានគាំទ្រកម្ពុជាលើការអភិរក្សបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ការថែរក្សា និងជួសជុលប្រាសាទបុរាណ ជាពិសេសនៅតំបន់អង្គរ ដែលជប៉ុនក៏ជាសហប្រធានគណៈកម្មាធិការអន្តរជាតិដើម្បីការអភិរក្សអង្គរផងដែរ។ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវប្បធម៌បន្ថែមទៀត។

គួររំលឹកថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាលើកដំបូងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាការវិលត្រឡប់របស់កិច្ចប្រជុំកំពូលនេះមកកាន់តំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីទីក្រុងហាណូយ ប្រទេសវៀតណាម បានធ្វើជាម្ចាស់ផ្ទះលើកទី៧ កាលពីឆ្នាំ១៩៩៧។ មុននេះ កម្ពុជាក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានចំនួន៣លើក ក្នុងឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ២០២២ ព្រមទាំងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២១ ដែលរៀបចំតាមប្រព័ន្ធអនឡាញក្នុងអំឡុងពេលជំងឺកូវីដ-១៩។

ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍អន្តរជាតិទាំងនេះ បានបង្ហាញពីបទពិសោធ និងសមត្ថភាពរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកម្រិតអន្តរជាតិ និងពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ។ ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុនលើវិស័យវប្បធម៌ ក៏ជាចំណែកសំខាន់ក្នុងការថែរក្សាបេតិកភណ្ឌជាតិ លើកស្ទួយតម្លៃវប្បធម៌ និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕