រាជធានីភ្នំពេញ ៖ អន្តរក្រសួង រួមមាន ក្រសួងរ៉ែ និងថាមពល រួមនិងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ វិច្ឆិកា ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងគុណភាពប្រេងសាំង(សាំងពណ៌ក្រហម) នៅលើបណ្ដាញសង្គម ។
ក្រុមការងារបច្ចេកទេស នៃក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណៈជន និងអ្នកប្រើប្រាស់ទាំងអស់ មេត្តាជ្រាបថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយបញ្ចេញមតិមួយចំនួនពាក់ព័ន្ធនឹងបញ្ហាគុណភាពប្រេងឥន្ធនៈ ដែលត្រូវបានកត់សម្គាល់ថា (សាំងពណ៌ក្រហម) បង្កឱ្យមានការចាប់អារម្មណ៍ និងចម្ងល់ពីសំណាក់សាធារណជន និងអ្នកប្រើប្រាស់។ ពាក់ព័ន្ធនឹងករណីនេះក្រុមការងារបច្ចេកទេស នៃក្រសួងទាំងពីរ ដែលរួមមានអគ្គនាយកដ្ឋានប្រេងកាត និងអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង(ក.ប.ប.) បានសហការគ្នាត្រួតពិនិត្យ ស្រាវជ្រាវ និងតាមដានករណីខាងលើដោយបានធ្វើការជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ពាក់ព័ន្ធ ដើម្បីស្វែងយល់អំពីដំណើរការគ្រប់គ្រង និងការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈក្នុងការនាំចូល សន្និធិ ការដឹកជញ្ជូន និងការចែកចាយនៅតាមស្ថានីយលក់រាយ ។
តាមរយៈការស្រាវជ្រាវបឋម និងការផ្ដល់ព័ត៌មានពីអ្នកប្រើប្រាស់ និងភាគីពាក់ព័ន្ធ ក្រុមការងារនៃ អគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យគុណភាពប្រេងសាំងនៅតាមស្ថានីយមួយចំនួន ដោយមានទីតាំង ស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តកណ្តាល ។
តាមលទ្ធផល នៃការត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ ទាំងនោះ បានបង្ហាញថា គុណភាពប្រេងឥន្ធនៈមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវ ។
ជាមួយគ្នានេះ ក្រុមហ៊ុន នាំចូលប្រេងឥន្ធនៈពាក់ព័ន្ធបានរាយការណ៍អំពីវិធានការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈរបស់ខ្លួន រួមមានការត្រួតពិនិត្យគុណភាពមុន និងក្រោយការនាំចូល ការធ្វើតេស្តសំណាកគំរូនៅឃ្លាំងស្តុក ការបញ្ជូន សំណាកទៅមន្ទីរពិសោធន៍ឯករាជ្យ និងការតាមដានការដឹកជញ្ជូន និងការចែកចាយតាមប្រព័ន្ធបច្ចេកវិទ្យា ។
ទោះជាយ៉ាងនេះក្តី ក្រុមការងារបច្ចេកទេស នៃក្រសួងទាំងពីរនឹងបន្តយកចិត្តទុកដាក់លើករណីនេះ និងបានដាក់ចេញនូវយន្តការសហការបន្តក្នុងការស្រាវជ្រាវ តាមដាន និងប្រមូលព័ត៌មានពាក់ព័ន្ធបន្ថែមទៀត ជាពិសេសការស្វែងរកទីតាំង ដែលអាចមានបញ្ហាគុណភាពប្រេងឥន្ធនៈ ក៏ដូចជាប្រភព នៃការចែកចាយ ដើម្បីធានា ឱ្យការគ្រប់គ្រងគុណភាពប្រេងឥន្ធនៈនៅលើទីផ្សារប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។
អាស្រ័យហេតុនេះ ក្នុងករណីសាធារណៈជន ឬអ្នកប្រើប្រាស់មានការសង្ស័យពាក់ព័ន្ធនឹងគុណភាពប្រេងឥន្ធនៈ ឬបាននិងកំពុងជួបប្រទះ គុណភាពប្រេងឥន្ធនៈមិនល្អ សូមការណ៍ ទីតាំងស្ថានីយ ឬទីតាំងចែកចាយប្រេងឥន្ធនៈនោះមក ក្រសួង ស្ថាប័ន មានសមត្ថកិច្ច តាមរយៈលេខទំនាក់ទំនង ៖
- អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ៖ ០៩២ ៧២២ ៥៦៦
- អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែនិងថាមពល ៖ ០១២ ៧១៧ ៧២៥។
ក្រុមការងារបច្ចេកទេស នៃក្រសួងទាំងពីរ នឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការត្រួតពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការចាំបាច់តាមសមត្ថកិច្ចរៀងៗខ្លួនស្របតាមច្បាប់និង បទប្បញ្ញត្តិជាធរមាន ដើម្បីធានាការគ្រប់គ្រងគុណភាពប្រេងឥន្ធនៈនៅលើទីផ្សារ ការពារផលប្រយោជន៍អ្នក ប្រើប្រាស់ និងរក្សាទំនុកចិត្តលើវិស័យប្រេងឥន្ធនៈនៅកម្ពុជា ៕




ចែករំលែកព័តមាននេះ