រយៈពេល៥ថ្ងៃ! ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៥០ម៉ឺននាក់ មកកម្សាន្តខេត្តសៀមរាប នាឱកាសព្រះរាជពិធីបុណ្យអុំទូក
- សៀមរាប
ខេត្តសៀមរាប ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៦ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន ៥១០ ១៩៥ នាក់ ក្នុងរយៈពេល៥ថ្ងៃ ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលចូលមកកំសាន្តក្នុងខេត្តសៀមរាប រស់នៅក្រោមម្លប់សន្តិភាព ដែលប្រជាពលរដ្ឋគ្រប់គ្រប់រូប តែងដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវ សន្តិភាព ឯកភាពជាតិពេញលេញជូនដល់កម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងការដឹក នាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ បានបង្កលក្ខណៈជូនដល់មន្ត្រីរាជការ កម្មករ ប្រជាពុទ្ធបរិស័ទ បានឱ្យឈប់សម្រាករយៈពេល៣ថ្ងៃ ដើម្បីបានចូលរួមសប្បាយ រីករាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ។
បើតាមប្រសាសន៍របស់លោក ង៉ូវ សេង កាក់ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងរយៈពេល៥ ថ្ងៃ ដោយចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៦ នេះខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៥១០ ១៩៤នាក់ នៅក្នុងឱកាសបុណ្យអុំទូក ឆ្នាំ២០២៦ ។ ក្នុងនោះដែរភ្ញៀវទេសចរជាតិនិងបងប្អូនប្រជាពលរដ្ឋមានចំនួន សរុប ៤៨៧ ៤១០នាក់ និង ភ្ញៀវទេសចរបរទេសមាន ចំនួន ២២ ៧៨៤នាក់។
កត្តាសំខាន់ៗដែលរួមចំណែកដល់កំណើនភ្ញៀវទេសចរ ក្នុងឱកាសបុណ្យអុំទូក ឆ្នាំ ២០២៦ នេះ ដោយមានរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំពិធីប្រណាំងទូក និងក្នុងកម្មវិធីកម្សាន្ត ប្រកបដោយភាពទាក់ទាញ និងសម្បូរបែបផងដែរ។
ម្យ៉ាងទៀត នៅរាជធានីភ្នំពេញ មិនមានកម្មវិធីប្រណាំងទូក ដែលជាកត្តាជម្រុញចលនាទេសចរមកកាន់ខេត្តសៀមរាប ព្រមទាំងការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការរៀបចំសោភ័ណភាពក្រុង និងការតុបតែងលម្អភ្លើងពណ៌នៅដងស្ទឹងប្រវត្តិសាស្ត្រនៃក្រុងបុរាណយើងនេះ ។ ដោយឡែកការផ្សព្វផ្សាយព្រឹត្តិការណ៍ និងផលិតផលទេសចរណ៍បានយ៉ាងទូលំទូលាយ និងភាពសម្បូរបែបនៃផលិតផល និងសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប, ការអភិវឌ្ឍ និងការលេចចេញនូវគោលដៅទេសចរណ៍ថ្មីៗ ដែលបង្កើនជម្រើស និងបទពិសោធន៍កម្សាន្តសម្រាប់ភ្ញៀវទេសចរ គឺ (ប្រាសាទមេបុណ្យខាងលិច)នៅបារាយណ៍, ភាពទាក់ទាញនៃទេសភាព និងប្លង់ថតរូបស្អាតៗ ប្លែកៗនៅតាមប្រាសាទនានាក្នុងតំបន់អង្គរ ដែលបានចែករំលែកផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទៅតាមបណ្តាញសង្គម។
ជាមួយនេះដែរ ការធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងអនាម័យបរិស្ថាន, ការចូលរួមរបស់វិស័យឯកជន ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវ និង ផ្តល់សេវា កម្មទេសចរណ៍, ការឈប់សម្រាករយៈពេលច្រើនថ្ងៃ និងលក្ខខណ្ឌអាកាសធាតុអំណោយ ផលដល់ការធ្វើដំណើរកម្សាន្ត និងការកើន ឡើងនៃចលនាទេសចរណ៍ផ្ទៃក្នុង និងការ ចូលរួមយ៉ាងផុសផុលរបស់បងប្អូនប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ៕








ចែករំលែកព័តមាននេះ