ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​​ថា​ប្រតិ​បត្តិ​ការ​សឹក​របស់​ខ្លួន​​ចាត់​ការ​តែយោ​ធា​​រុស្ស៊ី​ប៉ុណ្ណោះ​ និង​គ្មាន​ចេត​នា​​ប៉ះ​ពាល់​ប្រទេស​លីប៊ី​ទេ

3 ម៉ោង មុន

ទី​ក្រុង​កៀវ៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​ លោក​អាន​ឌ្រី ស៊ីប៊ីហា (Andrii Sybiha) ថ្លែង​ថា​ចំណាត់​ការ​យោធា​របស់​រដ្ឋាភិបាល​លោក​ប្រឆាំង​នឹង​កប៉ាល់​របស់​រុស្ស៊ី​នៅ​កំពង់​ផែ​នៃ​ទី​ក្រុង​បឹ​ហ្កា​ហ្ស៊ី​នោះ​គឺ​មាន​គោល​ដៅ​ចាត់​ការ​តែ​ទៅ​លើ​យោធា​រុស្ស៊ី​ប៉ុណ្ណោះ​ ហើយ​មិន​មាន​បំណង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យោធា​លីប៊ី​ទេ​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​សម​ភាគី​លីប៊ី​។ ការ​ថ្លែង​ដូច្នេះ​ក៏​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​លីប៊ី​ប្រកាស​ថា​ខ្លួន​ត្រូវ​តែ​សង​សឹក​ករណី​វាយ​ប្រហារ​បណ្ដាល​ឱ្យ​របួស​ធ្ងន់​បុគ្គលិក​យោធា​របស់​ខ្លួន​២​នាក់​ដែល​ក្រោយ​មក​ពួក​គេ​បាន​ស្លាប់​។

លោក​ស៊ីប៊ី​ហា​បង្ហោះ​សារ​នៅ​លើ​បណ្ដាញអ៊ិច​បញ្ជាក់​ថា​រដ្ឋាភិបាល​អ៊ុយ​ក្រែន​គ្មាន​ចេត​នា​ពង្រីក​សង្គ្រាម​​ទៅ​ដល់​ប្រទេស​លីប៊ី​​ ឬ​ប្រទេស​​ដទៃ​ទៀត​ឡើយ​។ សូម​រំលឹក​ថា​កាល​ពី​ថ្ងៃ​អាទិត្យ ​អ៊ុយ​ក្រែន​​​បញ្ជូន​ដ្រូន​មួយ​គ្រឿង​ទៅ​វាយ​ប្រហារ​នាវា​ចម្បាំង និង​នាវា​ដឹក​ទំនិញ​របស់​​រុស្ស៊ី​ដែល​ឈប់​សំចត​នៅ​មូល​ដ្ឋាន​ទ័ព​ជើង​ទឹក​នៃ​ប្រទេស​លីប៊ី។ ការ​វាយ​ប្រហារ​នោះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ដ្រូន​មួយ​គ្រឿង​វាយ​ប្រហារ​កប៉ាល់​ដឹក​ទំនិញ​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​រុស្ស៊ី​នៅ​ឈូង​សមុទ្រ​ហ្វាំង​ឡង់​។

លោក​ស៊ីប៊ីហា​ថ្លែង​ថា​នាវា​ចម្បាំង​ និង​នាវា​ដឹក​ទំនិញ​របស់​រុស្ស៊ី​ទាំង​នោះ​ប្រើ​ប្រាស់​សម្រាប់​ដឹក​ជញ្ជូន​អាវុធ​យុទ្ធ​ភ័ណ្ឌ​ ដូច្នេះ​ជា​គោល​ដៅ​ដែល​អ៊ុយ​ក្រែន​សូម​រក្សា​សិទ្ធិ​​​​​វាយ​ប្រហារ​ជា​លក្ខណៈ​ការ​ពារ​ខ្លួន​។​ នៅ​ក្នុង​ការ​ថ្លែង​សារ​នយោបាយ​លើក​ចុង​ក្រោយ​នេះ លោក​ស៊ីប៊ីហា​ជម្រាប​ជូន​រដ្ឋ​មន្ត្រី​ការ​បរទេស​លីប៊ី​ថា​អ៊ុយ​ក្រែន​គ្មាន​បំណង​វាយ​ប្រហារ​ដោយ​ផ្ទាល់​ទៅ​លើ​​ប្រទេស​លីប៊ី ឬ​ប្រជា​ជន​លីប៊ី​ទេ​។ ​លោក​សូម​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ផល​វិបាក​ដោយ​អចេត​នា​នេះ​ និង​សូម​ចូល​រួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត​ជា​មួយ​ក្រុម​​គ្រួសារ​សព​។

រដ្ឋាភិបាល​រួប​រួម​ជាតិ​លីប៊ី​​​ដែល​មាន​ទី​ស្នាក់​ការ​នៅ​ទី​ក្រុង​ទ្រី​ប៉ូ​លីប្រកាស​ថ្កោល​ទោស​ទង្វើ​របស់​អ៊ុយ​ក្រែន​។ រដ្ឋាភិបាល​នេះ​ថ្លែង​ថា​ប្រទេស​របស់​ខ្លួន​មិន​គួរ​អូស​ទាញ​ឱ្យ​ចូល​ទៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ទេ​។ ​អគ្គ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជាតិ​លីប៊ី​ដែល​មាន​ទី​ស្នាក់​ការ​នៅ​ប្រទេស​លីប៊ី​ភាគ​ខាង​កើត​ថ្លែង​ថា​បុគ្គលិក​យោធា​២​នាក់​បាន​ស្លាប់​ដោយ​សារ​មុខ​របួស​ធ្ងន់​ធ្ងរ​ពេក​។​ រហូត​មក​ដល់​ពេល​នេះ ទោះ​បី​របប​ដឹក​នាំ​របស់​កាដា​ហ្វ៊ី​បាន​បិទ​បញ្ចប់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្ដី ក៏​ប្រទេស​លីប៊ី​មិន​ទាន់​រួប​រួម​គ្នា​នៅ​ឡើយ​ទេ​។ ប្រទេស​លីប៊ី​ភាគ​ខាង​កើត​គ្រប់​គ្រង​ដោយ​មេ​បញ្ជា​ការ​យោធា​ឈ្មោះ​ខា​លី​ហ្វា​ ហាហ្វ​តា (Khalifa Haftar) ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​រុស្ស៊ី​។ ចំណែក​រដ្ឋាភិបាល​រួប​រួម​ជាតិ​គ្រប់​គ្រង​ភាគ​ខាង​លិច​៕ ប្រភព៖ Reuters