ទីក្រុងបាងកក៖ មានហេតុការណ៍ផ្ទុះ និងឆេះដ៏ខ្លាំងនៅរោងចក្រប្រេងនៃទីក្រុងបាងកក បណ្ដាលឱ្យរបួសមនុស្ស៩នាក់ និងបង្ខំឱ្យអ្នករស់នៅម្ដុំនោះជម្លៀសខ្លួនចេញជាបន្ទាន់។ នេះបើយោងតាមការអះអាងរបស់អាជ្ញាធរ។ ជនរងគ្រោះភាគច្រើនរលាកខ្លួន ក្នុងនោះ៣នាក់របួសធ្ងន់។ នេះបើយោងតាមមជ្ឈមណ្ឌលសុខភាពអេរ៉ាវ៉ាន់នៃទីក្រុងបាងកក។ តាមរយៈវីឌីអូដែលគេបង្ហោះនៅលើបណ្ដាញសង្គម គេឃើញផ្សែងខ្មៅងងឹតហោះហើរចេញពីទីតាំងឆេះដែលស្ថិតនៅភាគខាងកើតទីក្រុងបាងកក។

ការផ្ញើសារបន្ទាន់តាមទូរស័ព្ទដៃទៅកាន់ប្រជាជនបានរៀបរាប់ថាហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣រសៀល។ សារនោះជំរុញឱ្យប្រជាជនស្ថិតនៅឱ្យឆ្ងាយពីកន្លែងឆេះ។ ជិតមួយម៉ោងក្រោយមក អាជ្ញាធរទីក្រុងបាងកករាយការណ៍ថាភ្លើងបានរលត់ទៅវិញហើយ។ ប្រជាជនរស់នៅក្បែរនោះអាចវិលទៅផ្ទះវិញបាន ប៉ុន្តែអ្នករស់នៅចម្ងាយ៥គីឡូម៉ែត្រជុំវិញទីតាំងឆេះនោះត្រូវបន្តប្រុងប្រយ័ត្នចំពោះបរិយាកាសអ័ព្ទអួរ។ នាយកដ្ឋានគ្រប់គ្រងការបំពុលបរិយាកាសថ្លែងថាខ្លួនបានបញ្ជូនមន្ត្រីមួយចំនួនចុះទៅវាយតម្លៃកម្រិតគុណភាពខ្យល់ និងទឹកនៅជុំវិញទីតាំងនោះ។

ក្រុមហ៊ុន Bangchak Corp. ដែលជាម្ចាស់រោងចក្រខាងលើនេះបញ្ជាក់តាមហ្វេសប៊ុកថាពិតជាមានភ្លើងឆេះមែន។ គេកំពុងស៊ើបអង្កេតដើម្បីរកមូលហេតុនៃការឆេះនេះហើយ។ ក្រុមហ៊ុនក៏បានប្រកាសផងដែរថាខ្លួនផ្អាករាល់ប្រតិបត្តិការទាំងអស់នៅក្នុងរោងចក្រ។ រដ្ឋមន្ត្រីក្រសួងថាមពលថ្លែងថាភ្លើងឆេះលើកនេះទំនងជាចាប់ផ្ដើមនៅអង្គភាពចម្រាញ់មួយដែលស្ថិតនៅចម្ងាយប្រហែល១រយម៉ែត្រពីកន្លែងស្តុកទុកប្រេង។ លោកថាលោកនឹងចុះទៅត្រួតពិនិត្យទីតាំងនោះដើម្បីធ្វើឱ្យប្រាកដថាគ្មានហានិភ័យជាបន្តទៀតទេ។

ប្រសិនបើយើងមិនអាចធានាថាកន្លែងស្តុកទុកប្រេងមានសុវត្ថិភាព១០០%ទេ យើងនឹងមិនអនុញ្ញាតឱ្យចាប់ផ្ដើមប្រតិបត្តិការផលិតឡើងវិញដែរ។ ករណីឆេះនេះសង្ឃឹមថាមិនប៉ះពាល់ការផ្គត់ផ្គង់ប្រេងនៅប្រទេសថៃទៅចុះ ព្រោះមានរោងចក្រចម្រាញ់ចំនួន៥ទៀត ហើយរោងចក្រនេះមិនស្ថិតនៅក្នុងចំណោមរោងចក្រធំបំផុតនោះទេ។ រោងចក្រនេះអាចចម្រាញ់ប្រេង១,២សែនបារ៉ែលក្នុងមួយថ្ងៃ ជារោងចក្រលំដាប់ទី៥នៅប្រទេសថៃ និងជារោងចក្រតែមួយគត់ដែលមានទីតាំងនៅក្នុងទីក្រុង៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ