ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​កម្មការ​ផ្សះផ្សា​នីតិ​សមុទ្រ​នឹង​ចុះពិនិត្យ​ជាក់ស្តែង​អំពី​ភូមិសាស្ត្រ​ ពាក់ព័ន្ធ​ជម្លោះដែនសមុទ្រ​រវាង​កម្ពុជា-​ថៃ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ គណៈកម្មការ​ផ្សះផ្សា​នីតិ​សមុទ្រ​នឹង​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​ភូមិសាស្ត្រ​ពាក់ព័ន្ធ​និង​បរិបទ​ជាក់ស្តែង​នៃ​តំបន់​ដែនសមុទ្រ​កម្ពុជា​-​ថៃ​។ នេះ​បើ​តាម​ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ប្រកាស​លទ្ធផល​សម័យប្រជុំ​លើក​ទី​៣ នៃ​នីតិវិធី​ផ្សះផ្សា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​រា​ជា​ណា​ចក្រ​ថៃ ក្រោម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តី​ពី​នីតិ​
សមុទ្រ​។

ក្រសួង​ការ​បទេស​បាន​លើក​ឡើង​ថា​ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​នាម ​ជា​ភ្នាក់ងារ​រាជរដ្ឋាភិបាល (Agent) បាន​ដឹកនាំ​គណៈ ប្រតិភូ​កម្ពុជា​ចូលរួម​សម័យប្រជុំ​លើក​ទី​៣ នៃ​នីតិវិធី​ផ្សះផ្សា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ក្រោម​ឧ​ប​សម្ព័ន្ធ​ទី​៥ នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី​។

សមាសភាព​គណៈប្រតិភូ​រួម​មាន ឯក​ឧ​ត្តម​ ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ក្រុម​ចរចា ឯក​ឧត្តម ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ជា​ភ្នាក់ងារ​រង​រាជរ ដ្ឋា​ភិ​បាល (Deputy Agent) ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ជា​អនុប្រធាន​ក្រុម​ចរចា ព្រមទាំង​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ផ្សេង​ទៀត​។

ក្នុងអំឡុងពេល​សម័យប្រជុំ​នេះ គណៈ ប្រតិភូ​កម្ពុជា​បាន​ពន្យល់​លម្អិត​អំពី​ជំហរ​របស់​កម្ពុជា និង​បាន​ផ្តល់​ជូន​គណៈ​ក​ម្មការ​ផ្សះផ្សា​នូវ​ព័ត៌មាន​ជាក់ស្តែង និង​ព័ត៌មាន​បច្ចេកទេស​ពាក់ព័ន្ធ ដើម្បី​ជួយ​ដល់​គណៈកម្មការ ក្នុង​ការ​សម្របសម្រួល​ស្វែងរក​ដំណោះ​ស្រាយ​ប្រកបដោយ​សមធម៌​រវាង​ភាគី​ទាំង​ពីរ ស្រប​តាម​ច្បាប់ អន្តរជាតិ នឹង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ ក៏​ដូច​ជា​ការពារ​ផលប្រយោជន៍​ជាតិ​របស់​កម្ពុជា​ ។

គណៈប្រតិភូ​កម្ពុជា​ក៏​បាន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​តាម​ទីតាំង​ជាក់ស្តែង ដោយ​គណៈកម្មការ​ផ្សះផ្សា​នា​ពេល​ខាង​មុខ ហើយ​បាន​បញ្ជាក់​អំពី​ការ​ត្រៀមខ្លួន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ពេញលេញ ដើម្បី​ធានា​ឱ្យ​ដំណើរ​ទស្សនកិច្ច​នេះ​ទទួល​បាន​ជោគ​ជ័យ ដែល​នឹង​ជួយ​ឱ្យ​គណៈកម្មការ​ទទួល​បានការ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ភូមិសាស្ត្រ​ពាក់ព័ន្ធ និង​បរិបទ​ជាក់ស្តែង​នៃ​តំបន់​ទាំងនោះ​ ។

កិច្ចប្រជុំ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​ទិ​ដ្ឋ​ភាព​ជាក់ស្តែង​នៃ​ការ​ចុះ​ពិនិត្យ​ទីតាំង​ពាក់ព័ន្ធ​ ។ ជា​វឌ្ឍនភាព​ដែល​សម្រេច​បាន​ក្នុង​អំ​ឡុ​ង​ពេល​សម័យប្រជុំ​នេះ​ដែរ គឺ​ភាគី​ទាំង​ពីរ​បាន​បង្កើត​ក្រុម​ការងារ​បច្ចេក​ទេស​ចម្រុះ​មួយ ដែល​រួម​មាន​សមាស ភាព​អ្នកជំនាញ​មក​ពី​ភាគី​ទាំង​សងខាង និង​សមាជ​នៃ​គណៈ កម្ម​ការ​ដើម្បី​ដោះស្រាយ​បញ្ហា​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការ​កំណត់ព្រំដែន​សមុទ្រ​។​តាម​រយៈ​កិច្ចប្រជុំ​បច្ចេកទេស​ដែល​រៀបចំ​ឡើង​ក្រោម​ការ​សម្របសម្រួល​របស់​គណៈកម្មការ ភាគី​ទាំង​ពីរ យល់​ដឹង​រួម​គ្នា​លើ​សំណុំ​ល័ក្ខខ័ណ្ឌ​កំណត់ (parameters) ដែល​នឹង​ត្រូវ​យក​មក​អនុវត្ត ការ​កំណត់ព្រំដែន​សមុទ្រ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហ​ប្រ​តិ​ប​ត្តិ​ការ​អន្តរជាតិ​បាន​ថ្លែង​ថា ​កម្ពុជា និង​ថៃ នឹង​នៅ​តែ​ជា​ប្រទេស​ជិតខាង​គ្នា​ជា​និច្ច ហើយ​វឌ្ឍនភាព​ដែល​សម្រេច​បាន​នៅ​ទីក្រុង គូ​ឡា​ឡាំ​ពួ ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​បច្ចេកទេស​នៃ​ការ​កំណត់ព្រំដែន​សមុទ្រ គឺជា​ជំហាន​ទៅ​មុខ​មួយ​សម្រាប់​ទាំង​កម្ពុជា​ និង​ថៃ​ ។

ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ដល់​គណៈកម្មការ​ផ្សះផ្សា ដែល​បាន​ជួយ​ភាគី​ទាំង​ពីរ​ស្វែងរក ចំណុចរួម ព្រមទាំង​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​ដែល​បាន​ផ្តល់​ការ​គាំទ្រ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ក៏​អរគុណ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី និង​មជ្ឈមណ្ឌល​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​អាស៊ី (Asian International Arbitration Centre) ចំពោះ​ការ​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ និង​ការ​រៀបចំ​ដ៏​ល្អ​ប្រសើរ​សម្រាប់​កិច្ច ប្រជុំ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​នេះ​ ។

កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ចូលរួម​ដំណើរការ​ផ្សះផ្សា​ប្រកប ដោយ​ស្មារតី​ស្ថាបនា និង​សុច្ឆន្ទៈ ដោយ​មាន​ទំនុក​ចិត្ត​យ៉ាង​ពេញលេញ​លើ​គណៈកម្មការ​ផ្សះផ្សា ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​មួយ ដ៏​យុត្តិធម៌ ស្មើ ភាព និង​យូរអង្វែង ផ្អែក​លើ​មូលដ្ឋាន​រឹង​មាំ​នៃ​ច្បាប់​អន្តរជាតិ និង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តី​ពី​នីតិ​សមុទ្រ​។ ដំណោះស្រាយ​នេះ​នឹង​ការពារ​អធិប តេ​យ្យ និង​ផលប្រយោជន៍​ជាតិ​របស់​កម្ពុជា ព្រមទាំង​គាំទ្រ ដល់​សន្តិភាព និង​ភាព​សុខដុម​ជា​និរន្តរ៍​រវាង​ប្រទេស​ទាំង​ពីរ​៕