ធ្លាប់ឃើញរាល់ដង តែប្រហែលមិនទាន់ដឹងអត្ថន័យជ្រៅ! «ព្រះថោងតោងស្បៃ» មិនមែនគ្រាន់តែជាកិច្ចពិធីទេ តែជាដើមកំណើតនគរខ្មែរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កូនខ្មែរគ្រប់រូបសុទ្ធតែធ្លាប់ឃើញពិធី «ព្រះថោងតោងស្បៃ» ក្នុងថ្ងៃមង្គលការ ប៉ុន្តែតើមានប៉ុន្មាននាក់ដែលដឹងថា កិច្ចពិធីនេះជាសក្ខីភាពនៃការកកើតនគរខ្មែរដំបូងគេ?

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសនាថ្ងៃរសៀលថ្ងៃទី២៧ ខែវិច្ឆិកានេះថា ៖ «ព្រះថោងតោងស្បៃ» គឺជានិមិត្តរូបដ៏មានអត្ថន័យជ្រាលជ្រៅ ក្នុងប្រវត្តិសាស្ត្រ ជំនឿ និងវប្បធម៌ខ្មែរ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងរឿងព្រេង ស្តីពីការកកើតនគរគោកធ្លក ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងនគរភ្នំ (ហ្វូណន) តាមរយៈការផ្សំផ្គុំរវាងព្រះថោង ដែលជាមនុស្ស និងនាងនាគ ជាបុត្រីស្តេចនាគ ។ ការរួមគូនេះ តំណាងឱ្យការរួមបញ្ចូលគ្នារវាងមនុស្ស និងនាគ ព្រមទាំងការកកើតនៃនគរ និងអរិយធម៌ខ្មែរ តាមជំនឿ និងរឿងព្រេងបុរាណ ។

តាមដំណាលរឿងព្រេង ព្រះថោងបានតោងស្បៃនាងនាគ ដើម្បីយាងចុះទៅកាន់ឋានភុជង្គនាគ ជួបព្រះបិតារបស់នាង ។ រូបភាពនេះ បានក្លាយជានិមិត្តរូបនៃចំណងអាពាហ៍ពិពាហ៍ ភាពស្មោះត្រង់ ការរួមរស់ជាធ្លុងមួយ និងការគោរពឱ្យតម្លៃដល់ស្ត្រីក្នុងសង្គមខ្មែរ ។

ជាមួយគ្នានោះដែរ កេរដំណែលវប្បធម៌នេះ ត្រូវបានប្រជាជនខ្មែរថែរក្សា និងបន្តអនុវត្តពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់សព្វថ្ងៃ តាមរយៈពិធីអាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ ។ នៅដំណាក់កាលចុងក្រោយនៃពិធី បន្ទាប់ពីពិធីសំពះផ្ទឹម កូនកំលោះតោងស្បៃដើរតាមក្រោយកូនក្រមុំ ដើម្បីរំឭកដល់ដំណាលរឿងព្រះថោង និងនាងនាគ ។
ដូច្នេះ«ព្រះថោងតោងស្បៃ» មិនមែនគ្រាន់តែជាកិច្ចពិធីមួយក្នុងអាពាហ៍ពិពាហ៍ប្រពៃណីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាកេរដំណែលវប្បធម៌អរូបីដ៏មានតម្លៃ ជាសក្ខីភាពនៃការបន្តប្រពៃណីពីបុព្វបុរសខ្មែរ និងជានិមិត្តរូបនៃអត្តសញ្ញាណជាតិ ដែលផ្សារភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់ប្រជាជាតិខ្មែរ ៕
ចែករំលែកព័តមាននេះ