ទីក្រុងសេអ៊ូល៖ កូរ៉េខាងត្បូងថ្លែងថានៅក្នុងចំណោមជនជាតិកូរ៉េខាងជើង៧នាក់ដែលត្រូវអាជ្ញាធររបស់ខ្លួនជួយសង្គ្រោះចេញពីទូកនេសាទមួយគ្រឿងដែលអណ្ដែតត្រសែតនៅលើផ្ទៃសមុទ្រក្បែរកោះមួយរបស់កូរ៉េខាងត្បូងនោះ មានម្នាក់ស្ម័គ្រចិត្តរស់នៅលើទឹកដីកូរ៉េខាងត្បូង។ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងប្រកាសថាខ្លួនអនុញ្ញាតឱ្យជនជាតិកូរ៉េខាងជើង៦នាក់ទៀតវិលត្រឡប់ទៅមាតុភូមិវិញដោយជិះនៅលើទូករបស់ពួកគេឆ្លងកាត់ព្រំដែនសមុទ្រខាងកើតកាលពីព្រឹកមិញ។ អ្នកទាំងនោះត្រូវកងទ័ពជើងទឹក និងកងល្បាតកូរ៉េខាងត្បូងដែលត្រេចចរនៅលើដែនសមុទ្រអន្តរជាតិក្បែរកោះអ៊ូឡឹង (Ulleung) នៃប្រទេសកូរ៉េខាងត្បូងភាគខាងកើតជួយសង្គ្រោះកាលពីថ្ងៃទី៣ ខែវិច្ឆិកា។

តាមពិត វាមិនមែនជារឿងចម្លែកទេដែលទូកនេសាទរបស់កូរ៉េខាងជើងត្រូវគេប្រទះឃើញនៅលើផ្ទៃសមុទ្រភាគខាងកើត និងខាងលិចព្រំដែនសមុទ្រកូរ៉េខាងត្បូង។ ជានិច្ចកាល ទីក្រុងសេអ៊ូលសម្រេចចិត្តបញ្ជូនអ្នកនេសាទកូរ៉េខាងជើងត្រឡប់ទៅមាតុភូមិវិញទៅតាមបំណងប្រាថ្នារបស់ពួកគេ។ កូរ៉េខាងត្បូងពុំដែលដាក់ការសង្ស័យថាអ្នកនេសាទទាំងនោះជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលរបបក្រុងព្យុងយ៉ាងបញ្ជូនទៅទេ។ ប៉ុន្តែបើក្នុងករណីអ្នកនេសាទណាម្នាក់ចង់ស្នាក់នៅកូរ៉េខាងត្បូង អាជ្ញាធរនឹងទទួលពួកគេឱ្យស្នាក់នៅ។ នៅក្នុងករណីអ្នកនេសាទចុងក្រោយដែលសម្រេចរស់នៅលើទឹកដីកូរ៉េខាងត្បូងនោះ កូរ៉េខាងជើងមិនទាន់ធ្វើអត្ថាធិប្បាយទៅលើរឿងនេះទេ។

របបក្រុងព្យុងយ៉ាងមានចិត្តខឹងសម្បារយ៉ាងខ្លាំងចំពោះករណីជនជាតិរបស់ខ្លួនចុះចូលខាងកូរ៉េខាងត្បូង និងតែងតែចោទប្រកាន់ថាទីក្រុងសេអ៊ូលនិយាយបញ្ចុះបញ្ចូលជនជាតិរបស់ខ្លួនឱ្យចុះចូល។ ទោះជាយ៉ាងណាក្ដី កូរ៉េខាងត្បូងតែងតែបដិសេធជានិច្ច។ គិតទៅសង្គ្រាមកូរ៉េបានបិទបញ្ចប់រយៈពេលជាង៧០ឆ្នាំមកហើយ ប៉ុន្តែប្រទេសបងប្អូនគូសត្រូវទាំង២នៅតែមិនអាចបង្រួបបង្រួមគ្នាបានដដែល។ មិនតែប៉ុណ្ណោះប្រទេសទាំង២នៅធ្វើសង្គ្រាមនឹងគ្នានៅឡើយទេបើផ្អែកតាមច្បាប់សង្គ្រាម។ ហេតុនេះ គេឃើញថានៅតាមតំបន់ព្រំដែនដែលមានឈ្មោះថាតំបន់គ្មានកងទ័ព តាមពិតមានកងទ័ពឈរជើងយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងមានមីនបង្កប់នៅក្នុងដីរាប់លានគ្រាប់សម្រាប់ទប់ទល់នឹងលទ្ធភាពនៃការផ្ទុះសង្គ្រាមជាថ្មី។

ប្រជាជាជនប្រទេសទាំង២មិនអាចទាក់ទងគ្នាបានឡើយមិនថាតាមទូរស័ព្ទ សំបុត្រ ឬសារអេឡិចត្រូនិច។ ចាប់តាំងពីក្រោយផ្អាកសង្គ្រាមកូរ៉េ ប្រជាជនជាង៣,៤ម៉ឺននាក់បានរត់ឆ្លងដែនពីកូរ៉េខាងជើងចូលកូរ៉េខាងត្បូងដោយសារមូលហេតុមួយចំនួនដូចជាកត្តាសេដ្ឋកិច្ច និងកត្តានយោបាយ។ មិនត្រឹមតែមិនអាចបង្រួបបង្រួមគ្នាបានទេ ភាពតានតឹងកើតមានកាន់តែខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទាប់ពីកូរ៉េខាងជើងសម្រេចកាត់ផ្ដាច់រាល់ទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង។ មិនតែប៉ុណ្ណោះ របបក្រុងព្យុងយ៉ាងបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនយ៉ាងសកម្ម៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ