ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ចាត់​ទុក​វិស័យ​ឯកជន​ជា «​ក្បាលម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​» និង​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​បញ្ជាក់​ថា រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​ចាត់​ទុក​វិស័យ​ឯកជន​ជា «​ក្បាលម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​» និង​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ជា​ពិសេស ​សេដ្ឋកិច្ច​មូលដ្ឋាន​តាម​រយៈ​ការ​លើក​ស្ទួយ​ការ​ប្រើប្រាស់ និង​ផលិតកម្ម​ក្នុងស្រុក​ ។

សម្តេច​ម​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ថ្លែងក្នុង​វេទិកា​ធុរកិច្ច​ធុរកិច្ច និង​វិនិយោគ​អន្តរជាតិ​ឆ្នាំ​២០២៦ ដែល​ប្រារព្ធ​ឡើង​នៅ​សាលសន្និសីទ និង​ពិព័រណ៍​អន្តរជាតិ​កោះ​ពេជ្រ​ ។ វេទិកា​ធុរកិច្ច​ធុរកិច្ច និង​វិនិយោគ​អន្តរជាតិ​ឆ្នាំ​២០២៦ រៀបចំ​ឡើង​ដោយ​សមាគម​សហព័ន្ធ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ជាតិ​កម្ពុជា ដោយ​មាន​អ្នក​ចូ​ល​រួម​ប្រមាណ​១,២០០​នាក់ ដែល​សុទ្ធ​សឹង​ជា​អ្នក​ធ្វើ​ធុរកិច្ច អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន ហុងកុង តៃវ៉ាន់ ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ជប៉ុន កូរ៉េ និង​សហ​គម​អឺរ៉ុប​ជាដើម​ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូចនេះ​ថា «​រាជរដ្ឋាភិបាល​នឹង​បន្ត​ចាត់​ទុក​វិស័យ​ឯកជន​ជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ចជាតិ និង​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ជា​ពិសេស​ សេដ្ឋកិច្ច​មូលដ្ឋាន​តាម​រយៈ​ការ​លើក​ស្ទួយ​ការ​ប្រើប្រាស់ និង​ផ​លិត​កម្ម​ក្នុងស្រុក​, ការ​លើកកម្ពស់​ជីវភាព​ប្រជាជន តាម​រយៈ​ការ​បង្កើត​ការងារ​និង​ជំនាញ​, ការ​ជំរុញ​ប្រសិទ្ធភាព និង​នវានុវត្តន៍​តាម​រយៈ​ការ​ចាប់​យក​បច្ចេកវិទ្យា​ថ្មី និង​ការ​ធ្វើ​សមាហរណកម្ម​ផលិតកម្ម​កម្ពុជា ទៅ​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​សកល តាម​រយៈ​កា​រត​ភ្ជាប់​ឧស្សាហកម្ម​អនុគមន៍ និង​ឧស្សាហកម្ម​ប្រ​តិ​គម​ន៍​»​ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា កន្លង​មក ​រាជរដ្ឋាភិបាល​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើងជា​បន្តបន្ទាប់​នូវ​បរិ​យា​កាស​វិនិយោគ និង​ធុរកិច្ច តាម​រយៈ​ការ​កែ​លម្អ​ក្របខណ្ឌ​គតិ​យុ​ត្ត ដោយ​បាន​ដាក់​ឱ្យ​អនុវត្ត​នូវ​ច្បាប់​ស្តី​ពី​វិនិយោគ​ថ្មី ក្នុង​ឆ្នាំ​២០២១, ការ​កែសម្រួល​នីតិវិធី​នៃ​ការ​ផ្តល់​សេវា​ធុរកិច្ច និង​វិនិយោគ​ដោយ​បាន​ពង្រឹង​យន្តការ​ច្រក​ចេញចូល​តែ​មួយ  ប្រព័ន្ធ​​បញ្ជរ​តែ​មួយ​ជាតិ និង​សេវា​គាំទ្រ​ថែទាំ​វិនិយោគ ​ព្រមទាំង​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​, ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា និង​យន្តការ​សហ​បង្កើត​ធុរកិច្ច (Business Co-Creation)​។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល​បាន​ជំរុញ​កា​រត​ភ្ជាប់​សេដ្ឋកិច្ច និង​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ ដោយ​បាន​ពង្រីក​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​ទៅ​ក្នុង​សេដ្ឋកិច្ច​តំបន់ និង​សកល​, និង​បាន​កែ​លម្អ​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក និង​ការ​លើកកម្ពស់​វិនិយោគ​បៃតង និង​ឌី​ជី​ថ​ល ដោយ​បាន​ជំរុញ​ការ​វិនិយោគ​លើ​ថាមពល​កកើត​ថ្មី​ប្រសិទ្ធ​ភាព​ថាមពល និង​បច្ចេកវិទ្យា​ស្អាត​, លើកកម្ពស់​សេដ្ឋកិច្ច​ច​ក្រា​, ការ​គ្រប់គ្រង​សំណល់ និង​ការ​ប្រើប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព នឹង​លើកទឹកចិត្ត​ឱ្យ​មានការ​វិនិយោគ​លើ​មជ្ឈមណ្ឌល​ទិន្នន័យ​, បច្ចេកវិទ្យា​ឌី​ជី​ថ​ល​, សន្តិសុខ​សាយ​ប័​រ និង​សេវាកម្ម​បច្ចេកវិទ្យា​ព័ត៌មាន ​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​នេះ ​រាជរ​ដ្ឋា​ភិ​បាល​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ទំនើប​កម្ម​រចនាសម្ព័ន្ធ​ឧស្សា​ហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម និង​ជំនាញ​​ទាប​ទៅ​ជា​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ និង​បច្ចេកវិទ្យា​ខ្ពស់ តាម​រយៈ​ការ​កសាង​មូលដ្ឋាន​ឧស្សាហកម្ម​ដែល​មាន​ភាព​ប្រកួតប្រជែង​, ពិពិធ​កម្ម និង​ភាព​ធន់ ដោយ​ត​ភ្ជាប់​ទៅ​នឹង​ខ្សែ​ច្រវាក់​តម្លៃ​សកល​, ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​បណ្តាញ​ផលិតកម្ម​តំបន់​, និង​លើក កម្ពស់​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក​ផង​ដែរ​ ៕