ខេត្តព្រះវិហារ ៖ តាមរយៈលោកស្រី សួស រដ្ឋាវី រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ បានគូសបញ្ជាក់ថា៖ «កិច្ចអន្តរាគមន៍ស្នូល» គឺជាយន្តការបង្អែកមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់និងគាំពារ ដល់កុមារនិងគ្រួសារគោលដៅ ក្នុងគោលបំណងកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ តាមរយៈការផ្តល់ឱកាសអប់រំ ជំរុញឱ្យកុមារមានឱកាសបន្តការសិក្សា ដោយការផ្តល់វគ្គបំប៉នមុនពេលចូលរៀន លើកកម្ពស់អាហារូបត្ថម្ភ និងសុខុមាលភាពកុមារដោយការផ្តល់សម្ភារសិក្សា សម្លៀកបំពាក់ ស្បែកជើង កាបូប និងមធ្យោបាយធ្វើដំណើរដល់កុមារ ។ ទន្ទឹមនឹងនេះ ក្រុមគ្រួសារកុមារងាយរងគ្រោះ ក៏ទទួលបានការបណ្តុះបណ្តាល និងកញ្ចប់បំណិនជីវិត ដើម្បីជួយបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពរស់នៅផងដែរ ។ យើងត្រូវធានាថា «គ្មានកុមារណាម្នាក់ត្រូវបាត់បង់ ឱកាសអប់រំនិងអនាគតរបស់ខ្លួន ដោយសារពលកម្មកុមារឡើយ» ។

លោកស្រីរដ្ឋលេខាធិការ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តចូលរួមលើកកម្ពស់ការយល់ដឹង និងចូលរួមផ្សព្វផ្សាយអំពីផលវិបាកនៃពលកម្មកុមារដល់មាតាបិតា អាណាព្យាបាល សហគមន៍ និងនិយោជក ដើម្បីចូលរួមទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ជាពិសេសក្នុងវិស័យដែលមានហានិភ័យខ្ពស់ ។ ជាមួយគ្នានេះ សូមមន្ត្រីមានសមត្ថកិច្ចពង្រឹងការចុះត្រួតពិនិត្យ និងអធិការកិច្ចការងារ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់ទម្រង់មកលើកុមារ ។ គ្រប់ភាគីពាក់ព័ន្ធត្រូវលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងការរាយការណ៍ ករណីហានិភ័យ និងករណីសង្ស័យនៃការប្រើប្រាស់ពលកម្មកុមារ ជាពិសេសទប់ស្កាត់ការបោះបង់ការសិក្សា បន្តធានានូវឱកាសនិងនិរន្តរភាព នៃការសិក្សារៀនសូត្ររបស់កុមារ ដែលបានទទួលផលពីគម្រោងកិច្ចអន្តរាគមន៍ស្នូលកន្លងមក ។ ក្នុងករណីសង្ស័យមានការប្រើប្រាស់ពលកម្មកុមារ សូមចូលរួមរាយការណ៍បន្ទាន់តាមរយៈលេខទូរសព្ទ Hotline ១២៨៦ ឬប្រអប់បណ្ដឹងអនាមិក ដើម្បីអធិការការងារចុះអន្តរាគមន៍ ជួយសង្គ្រោះកុមារឱ្យបានទាន់ពេលវេលា ។

លោកស្រីរដ្ឋលេខាធិការបានបន្ថែមថា ការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ មិនមែនជាតួនាទី-ភារកិច្ចរបស់ស្ថាប័នណាមួយឡើយ ប៉ុន្តែជាការទទួលខុសត្រូវរួមគ្នារបស់រាជរដ្ឋាភិបាល និយោជក កម្មករនិយោជិត អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសហគមន៍ផងដែរ ដូចនេះគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារ ដើម្បីអនាគតកុមារកម្ពុជា និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីក៏បានផ្សព្វផ្សាយកម្មវិធី TVET ១,៥លាន និងលើកទឹកចិត្តដល់យុវជនត្រូវខិតខំរៀនសូត្រ មានចំណេះដឹង មានជំនាញ និងបំណិនចរិយា ដើម្បីប្រើប្រាស់ជំនាញទាំងនេះ ដោយសុចរិតភាព ការទទួលខុសត្រូវ និងជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ។

សូមជម្រាបផងដែរថា លោកស្រី សួស រដ្ឋាវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមក្នុងពិធី «ចែកសម្ភារសិក្សានិងមធ្យោបាយធ្វើដំណើរជូនកុមារ ដែលត្រូវបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាសផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម តាមរយៈកិច្ចអន្តរាគមន៍ស្នូល ឆ្នាំ២០២៦» រួមទាំងកញ្ចប់បំណិនជីវិតដល់កុមារ និងក្រុមគ្រួសារងាយរងគ្រោះ ដែលកំពុងប្រឈមនឹងហានិភ័យ នៃពលកម្មកុមារក្នុងខេត្តព្រះវិហារ ។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណក្រុមហ៊ុន ទ្រី ភាព អ៉ីមផត អ៉ិចផត ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក យឹម បញ្ញា អភិបាលរង តំណាងលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ គណៈកម្មការប្រឆាំងពលកម្មកុមារខេត្ត ប្រធាន-អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរនិងអង្គភាពជំនាញចំណុះ រដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋាន តំណាងនិយោជក តំណាងសហជីព ឪពុកម្តាយ អាណាព្យាបាល និងកុមារគោលដៅ សរុបប្រមាណ ២០០នាក់ ៕ អត្ថបទសហការ
















ចែករំលែកព័តមាននេះ