ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ប្រវែង​៧,៥៨​គ​.​ម​កណ្តាល​ក្រុង​បា​វិត ប៉ះពាល់​ផ្ទះសម្បែង និង​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​៤១៣​គ្រួសារ

3 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ចំនួន​៤១៣​គ្រួសារ ​នាំ​គ្នា​យក​ញត្តិ​មក​ដាក់​នៅ​សាលាក្រុង​បា​វិត ​តវ៉ា​ករណី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ចំ​កណ្តាល​ក្រុង​ បង្ក​ផល​ប៉ះពាល់​ផ្ទះសម្បែង​ និង​ជីវភាព​រស់នៅ​ប្រកប​មុខរបរ​របស់​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​តាម​បណ្តោយ​សងខាង​ផ្លូវជាតិ​លេខ​១​ប្រវែង​៧,៥៨០​ម៉ែត្រ ។

ប្រជាពលរដ្ឋ​អំពាវនាវ​សុំ​បទ​អន្តរាគមន៍​ពី​​លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង​បា​វិត មេត្តា​ដោះស្រាយ​បង្វែរ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ចេញពី​ផ្លូវជាតិ​លេខ​១ ទៅ​សាងសង់​តាម​​ប្រឡាយ​ជិត​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​វិញ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ផ្ទះសម្បែង និង​ជីវភាព​រស់នៅ​ប្រកប​មុខរបរ​លក់ដូរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ ។ ​

ការ​លើកគ្នា​ដាក់​ញត្តិ​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៧​ វិច្ឆិកា ​២០២៦ ​នៅ​ខាង​មុខ​សាលាក្រុង​បាវិត​ ។ បើ​តាម​តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា អន្តរក្រសួង និង​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​បាន​លើក​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ចំ​កណ្តាល​ក្រុង​បា​វិត តាម​បណ្តោយ​សងខាង​ផ្លូវជាតិ​លេខ​១​ ចំនូ​ន​១០​គន្លង​ប្រវែង​៧,៥៨​គ​.​ម បង្ក​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​រស់នៅ​សងខាង​ផ្លូវជាតិ​លេខ​​១ ​ចំនួន​៤១៣​គ្រួសារ ហើយ​គ្រួសារ​ខ្លះ​ប៉ះពាល់​ចំ​កណ្តាល​ផ្ទះ​គ្រួសារ​មួយ​ចំនួន​អស់​ផ្ទះ​ទាំ​ស្រុង​តែ​ម្តង ​។ ​ដូ​​ច្នេះ ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​បាត់បង់​ផ្ទះសម្បែង​គ្មាន​ជម្រក​ស្នាក់​នៅ បាត់បង់​មុខរបរ​លក់ដូរ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

ម្យ៉ាង ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​លើ​៩០​ភាគរយ ជំពាក់​លុយ​ធនាគារ ។ ប្រភព​បន្ត​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​​លឿន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ​ក្រុង​បា​វិត​នេះ​​ទៀត​សោត​ អាជ្ញាធរ​មូលដ្ឋាន​ក្រុង​ សង្កាត់ មិន​បាន​កោះហៅ​ប្រជាពលរដ្ឋ​មក​ប្រជុំ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​និង​បង្ហាញ​គំ​នូស​ប្លង់​នៃ​ការ​ពង្រីក​ផ្លូវជាតិ​លេខ​១ពី​អាក់​ផ្លូវ​សងខាង​ប៉ុន្មាន​ម៉ែត្រ​​ដែរ ។

ស្រាប់តែ​អន្តរក្រសួង​ចុះ​វាស់វែង​រួច​ចុច​ពង់​គំនូស​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ ដោយ​ដាក់​សេចក្តីជូនដំណឹង​កំណត់​រយៈពេល​១០​ថ្ងៃ គឺ​ត្រឹម​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០២៦​ខាង​មុខ​នេះ រុះរើ​ផ្ទះសម្បែង​ចេញ​ឲ្យ​ហើយ​ជា​កំហិត ដោយ​គ្មាន​បាន​ចុះ​វាយតម្លៃ​ពី​ផល​ប៉ះ​ពាល់ ឬ​ត្រូវ​ផ្តល់​សំណង អំពី​ផល​ប៉ះពាល់​ទេ ទើប​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​មានការ​ព្រួយ​បារ​ម្ភ​​ បាន​មក​ដាក់​ញត្តិ​សំណូមពរ​ដល់​លោក​អភិបាលក្រុង​បា​វិត​មេត្តា ដោះស្រាយ​​សុំ​ដល់​រាជរដ្ឋាភិបាល​ មេត្តា​ពិនិត្យ​ដោះស្រាយ ប្តូរ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ចេញពី​ផ្លូវជាតិ​លេខ​១ ​ទៅ​ទីតាំង​ផ្សេង​វិញ គឺ​គួរ​លើក​ទៅ​សាងសង់​នៅ​ចំណុច​ប្រឡាយ​ជិត​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​បា​វិត ​ប៉ែក​ខាងជើង​ផ្លូវជាតិ​លេខ​១ គឺ​ពុំ​មាន​ប៉ះពាល់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋទេ ​។

ទាក់ទិន​ករណី​នេះ​ដែរ លោក​អភិបាលរង​ក្រុង​បា​វិត បាន​មក​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ​ហើយ​បាន​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​ ហើយ​នៅ​វេលា​ម៉ោង​២​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០២៦ នេះ ​សូម​ជួប​តំណាង​លោក​អភិបាល​ខេត្តស្វាយរៀង​ និង​អញ្ជើញ​មក​ជួប​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​លទ្ធផល​យ៉ាងណា សូម​រង់ចាំ​រដ្ឋបាល​ខេត្ត​មក​ដោះស្រាយ ៕