ខេត្តព្រៃវែង ៖ ជាការធ្វេសប្រហែសរបស់ឪពុកម្ដាយ ដែលបណ្ដោយឲ្យកូនតូចលេងទឹកម្នាក់ឯងក្នុងបន្ទប់ទឹក លទ្ធផលបានត្រឹមយំស្រែកបោកខ្លួនស្តាយស្រណោះកូន ព្រោះកូនស្រី ដែលកំពុងពេញស្រឡាញ់ បានលង់ទឹកស្លាប់ទាំងអាយុទើបតែ១ខួបកន្លះ ។
គ្រោះអកុសលនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៧ វិច្ឆិកា ២០២៦ ស្ថិតនៅភូមិទួលស្រឹង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ជនរងគ្រោះមានឈ្មោះ ហ.ល.ឈ ភេទស្រី អាយុ១៨ខែ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ កុមារីរងគ្រោះ បានអង្គុយលេងនៅក្នុងផ្ទះម្នាក់ឯងធម្មតា ហើយឪពុកម្ដាយ និងជីដូននៅផ្ទះ រវល់ធ្វើការងាររៀងៗខ្លួន ដោយប្រហែសភ្លេចខ្លួនតែមួយសន្ទុះ ស្រាប់តែបាត់កូន ក៏នាំគ្នាដើររកក្នុងផ្ទះនិងជុំវិញផ្ទះតែមិនឃើញ ទើបសង្ស័យក៏ចូលទៅមើលក្នុងបន្ទប់ទឹក ស្រាប់តែឃើញលង់ក្នុងទឹកអាងស្លាប់បាត់ទៅហើយ ទើបធ្វើឲ្យទាំងឪពុកម្ដាយ និងជីដូននាំគ្នាស្រែកយំពេញផ្ទះ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យសាកសព ឃើញថាពិតជាស្លាប់ដោយការលង់ទឹកពិតមែន ក៏បានធ្វើការណែនាំដល់គ្រួសារសព ក៏ដូចជាញាតិជិតខាង ដែលទៅចូលរួម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ កុំបណ្តោយឲ្យកូនតូចលេងទឹក លេងភ្លើងតែម្នាក់ឯង ព្រោះវាអាចកើតមានគ្រោះថ្នាក់ជាយថាហេតុ ពេលខ្លះមិនត្រឹមតែធ្វើឲ្យបាត់បង់ជីវិតនោះទេ ថែមទាំងវិនាសអន្តរាយដល់ទ្រព្យសម្បត្តិខ្លួនឯង និងអ្នកជិតខាងផងដែរ ៕



ចែករំលែកព័តមាននេះ