ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​​រៀបចំ​ពិធី​បន្ធូរ​បន្ថយទោស​ដល់​​ទណ្ឌិត​ចំនួន​២៨​នាក់​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក ​និង​ក្នុង​ឱកាស​ទិវា​ជ័យ​ជំនះ​លើ​របប​ប្រល័យពូជសាសន៍​៧ មក​រា​ ឆ្នាំ​២០២៦

4 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ក្នុង​ឱកាស​ព្រះរាជក្រឹត្យ បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៦ និង​ក្នុង​ឱកាស​ទិវា​ជ័យ​ជំនះ​លើ​របប​ប្រល័យពូជសាសន៍ ៧ មក​រា ឆ្នាំ​២០២៦ ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​ពិធី​ប្រកាស​ព្រះរាជក្រឹត្យ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​ដល់​​ទណ្ឌិត​ចំនួន​២៨​នាក់​ (​ស្រី​៣​នាក់) ក្រោម​អធិបតីភាព​លោក ​ឃូ ពៅ អភិបាលរង​ខេត្ត​ប​បន្ទាយ​មាន​ជ័យ, លោក សោ វុ​ទ្ធី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត, លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២ អ៊ុ​ង ស៊ី​ផា​ន ​​ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយ​មានជ័យ, លោក​វរសេនីយ៍ឯក ពៅ ខេមរា ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ រួម​ទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២​៦ ​។

លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២ អ៊ុ​ង ស៊ី​ផា​ន បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា ក្នុង​នោះ​ព្រះរាជក្រឹត្យ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន​២៨​នាក់ (​ស្រី​៣​នាក់) រួម​មាន​៖ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៦ ចំនួន​១៦​នាក់​ (​ស្រី​២​នាក់) មាន​រយៈពេល​៣​ខែ​ ។ ក្នុង​ឱកាស​ទិវា​ជ័យ​ជំនះ​លើ​របប​ប្រល័យពូជ​សាសន៍ ៧ មក​រា ឆ្នាំ​២០២៦ ចំនួន​១២​នាក់​ (​ស្រី​១​នាក់) រយៈពេល​៣​ខែ​ ចំនួន​៩​នាក់, ៦​ខែ​ មាន​ចំនួន​២​នាក់ និង​៩​ខែ​ចំនួន​១​នាក់​ ។

ថ្លែង​ក្នុង​ឱកាស​នោះ​ លោក សោ វុ​ទ្ធី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​លោក ឃូ ពៅ អភិបាលរង​ខេត្ត​  បាន​ធ្វើការ​កោតសរសើរ ​និង​វាយតម្លៃ​ចំពោះ​ថ្នាក់ដឹកនាំ​ពន្ធនាគារ​ខេត្ត និង​មន្ត្រី​ក្រោម​ឱ​វាទ ដែល​បាន​ធ្វើការ​ខិតខំ​ប្រឹងប្រែង​គ្រប់​គ្រង ថែរក្សា​អ្នក​ជាប់​ឃុំ ក្នុង​នោះ​ បាន​ពិនិត្យ​វាយតម្លៃ​លើ​សកម្មភាព អនុវត្ត​គុណសម្បត្តិ នៃ​រយៈពេល​ការ​ជាប់​ឃុំ​របស់​ទណ្ឌិត ហើយ​វាយតម្លៃ​ស្នើ​សុំ​បន្ធូរ​បន្ថយទោស ពី​៣ ខែ​៦ ដល់​៩​ខែ​ផង​ដែរ​។

លោក ឃូ ពៅ ក៏​បាន​ផ្តាំផ្ញើរដល់​ទណ្ឌិត​ ដែល​ទទួល​បាន​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ការ​បន្ធូរ​ប​ន្ធ​យ​ទោស​របស់​ខ្លួន ទៅ​កាន់​ទណ្ឌិត​ផ្សេង​ៗ​ទៀត ក្នុង​គោលដៅ​ឲ្យ​ចូលរួម​គោរព អនុវត្ត បទបញ្ជាផ្ទៃក្នុង​វិធាន​នានា​របស់​ពន្ធនាគារ និង​ព្យាយាម​កែប្រែ​ខ្លួន​ឲ្យ​ក្លាយជា​ពលរដ្ឋ​ល្អ ដើម្បី​ត្រៀម​ចូល​មក​រួម​រស់នៅ​ក្នុង​សហគមន៍ ​ក្រោយ​ពេល​អនុវត្ត​ទោស​ចប់​សព្វគ្រប់​ ៕