ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឲ្យពលរដ្ឋ លើកកម្ពស់ការប្រុងប្រយ័ត្ន នៅក្នុងការស្វែងរកការងារធ្វើនៅអាហ្វ្រិក ។

ក្រសួងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសថា មានប្រជាពលរដ្ឋខ្មែរមួយចំនួន បានចេញទៅធ្វើការនៅទ្វីបអាហ្វ្រិកហើយ ប៉ុន្តែក្រសួងរំលឹកឲ្យពលរដ្ឋលើកកម្ពស់ការប្រុងប្រយ័ត្ន ។
ក្រសួងបានរំលឹកថា កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរកម្លាំងពលកម្ម និងបញ្ជូនបុគ្គលិក ឬពលករខ្មែរទៅធ្វើការនៅបណ្តាប្រទេសអាហ្វ្រិកណាមួយនៅឡើយទេ ។
ក្រសួងបានរំលឹកថា ការចេញទៅធ្វើការនៅប្រទេសដែលកម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងជាមួយអាចប្រឈមមមុខនឹងហានិភ័យខ្ពស់ ជាពិសេសការធ្លាក់ខ្លួនជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស ។
ក្រសួងក៏បានរំលឹកឲ្យពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយ ឬការដើរអូសទាញពីបុគ្គល ឬក្រុមហ៊ុនណា ដែលកំពុងជ្រើសរើសបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅអាហ្វ្រិកជាមួយនឹងការសន្យាលើការផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ ឬផ្តល់ការឧបត្ថម្ភដដល់គ្រួសារជាមុន ៕
ចែករំលែកព័តមាននេះ