ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ប្រដាល់ «​ក្លិប​ចំរើន​យុវជន​គុន​ខ្មែរ​» ២​នាក់ ​ជិះ​ម៉ូតូ​បុ.ក​រថយន្ត​កំពុង​បត់​ឆ្វេង ​របួ.សធ្ងន់

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កីឡាករ​ប្រដាល់សេរី «​ក្លិប​ចំរើន​យុវជន​គុន​ខ្មែរ​» ២​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង​វាក់​ជាមួយ​រថយន្ត​១​គ្រឿង​ដែល​បើកបរ​ស្របគ្នា រួច​បត់​ឆ្វេង​ឆ្លងផ្លូវ ។ ខណៈនោះ​គេច​អត់​ទាន់ ជាន់​ហ្វ្រាំង​ឈប់​ក៏​អត់​ទាន់ ក៏​ជ្រុល​ទៅ​បុក​ចំ​ចំហៀង​ខ្លួន​ខាងឆ្វេង​រថយន្ត​ខាងលើ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​រង​របួសធ្ងន់​ទាំង​២​នាក់​តែ​ម្ដង ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​បេតុង​ ស្ថិត​នៅ​ក្នុងភូមិ​តា​នួន សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​រ៉​ន រ៉េវ អាយុ​១៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ពិ​ទូ អាយុ​ជាង​៣០​ឆ្នាំ អ្នក​ទាំង​២​គឺជា​កីឡាករ​ប្រដាល់សេរី​នៅ​«​ក្លិប​ចំរើន​យុវជន​គុន​ខ្មែរ​» ស្ថិត​នៅ​ក្នុងភូមិ​តា​សេក សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កីឡាករ​ប្រដាល់​ទាំង​២​រូប​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ​Honda CBR ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ​កំពង់ស្ពឺ​ 1F-8631 ។ ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ខាងលើ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​១​គ្រឿង​ម៉ាក​TOYOTA Hilux VIGO ព​ណ៍​ទឹកមាស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AB-4489 ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បត់​ឆ្វេង​ឆ្លងផ្លូវ ធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​ វាក់​គេច​ចេញ​អត់​ទាន់ ហើយ​ជាន់​ហ្វ្រាំង​ឈប់​ក៏​អត់​ទាន់ ក៏​ជ្រុល​ទៅ​បុក​ចំ​ចំហៀង​ខ្លួន​ខាងឆ្វេង​រថយន្ត​នោះ​ពេញទំហឹង ។ ខណៈនោះ​បាន​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​បោក​ផ្ទប់​ថ្នល់ រង​របួសធ្ងន់​ទាំង​២​នាក់ ហើយ​ម៉ូតូ​បាន​ខ្ទាត​ចេញពី​ផ្លូវ​រង​ការ​ខូចខាត​បាក់បែក ចំណែក​រថយន្ត TOYOTA Hilux VIGO រង​ការ​ខូចខាត​ក្រពឹត​ទ្វារ​ខាងឆ្វេង​ទាំង​២​ផ្ទាំង​យ៉ាងដំណំ ។

ក្រោយ​ពេល​កើតហេតុ​ ក្រុម​រុករក​និង​សង្គ្រោះ​៧១១ បាន​ដឹក​យក​កីឡាករ​ប្រដាល់​ដែល​រង​របួស​ទាំង​២​នាក់​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕