អាសូរណាស់! ម្តាយកំពុងធ្វើការរោងចក្រ ស្រាប់តែទទួលដំណឹងអកុសលពីកូនៗ នៅចំណុចបឹងក្រោយផ្សារបឹងព្រលឹត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កុមារានិងកុមារី២នាក់បងប្អូនបង្កើតនាំគ្នាចេញពីផ្ទះជួលទៅលេងទឹកបឹងជ្រៅខាងក្រោយផ្ទះ បណ្តាលឱ្យលង់ទឹកស្លាប់ទាំង២នាក់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៦ ខែ វិចិ្ឆកា ឆ្នាំ ២០២៦ ចំណុចបឹងក្រោយផ្សារបឹងព្រលឹត ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
កុមាររងគ្រោះទី១-ឈ្មោះ ទូច លក្ខិណា ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរ និងកុមាររងគ្រោះទី២-ឈ្មោះ វឿន រដ្ឋា ភេទប្រុស អាយុ ១១ឆ្នាំ (ក្មេងរងគ្រោះទាំង២នាក់ត្រូវជាបងប្អូនបង្កើត ស្នាក់នៅផ្ទះជួល ក្នុងភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)។
តាមស្ត្រីម្ដាយបានប្រាប់ថា មុនកើតហេតុ គាត់កំពុងធ្វើការនៅរោងចក្រទឹកបរិសុទ្ធនៅព្រែកប្រា ស្រាប់តែទទួលទូរស័ព្ទថាកូនគាត់បានលង់ទឹកបឹងក្រោយផ្ទះប្រមាណ២គីឡូពីផ្ទះជួល ក៏សុំថៅកែចេញមុនម៉ោង តែពេលមកដល់ឃើញបងប្អូនអ្នកភូមិស្រង់កូនពីទឹកបឹងស្លាប់អស់ ធ្វើឱ្យគាត់ជាម្ដាយទទួលយកមិនបានទាល់តែសោះឡើយ ។
ស្ត្រីជាម្ដាយបន្តថា សព្វថ្ងៃគាត់ក្រីក្រលំបាកដើរតួជាឪពុកផងជាម្ដាយផង មេម៉ាយកូន៣នាក់ (ប្រុស២នាក់ ស្រី១នាក់) ហើយមើលថែម្ដាយឪពុកចាស់បន្ទុកធ្ងន់ធ្ងរ៥នាក់លើគាត់ជាអ្នករ៉ាប់រងតែម្នាក់ឯង ប៉ុន្តែគាត់នៅតែខំប្រឹង ឱ្យតែកូនខិតខំរៀនសូត្រដើម្បីមានចំណេះដឹងដូចគេ តែអីឡូវនេះបែរជាកូនស្លាប់ចោលម្ដាយម្ដង២នាក់ ។
សមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោង៤រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កុមាររងគ្រោះទាំងពីរនាក់បងប្អូន បានមកបបួលប្អូនជីដូនមួយឈ្មោះ លក្ខ័ ភារុន ភេទប្រុស អាយុ៧ឆ្នាំ ទៅលេងទឹកបឹងនៅក្បែរផ្ទះក្រោយផ្សារបឹងព្រលឹត ។ រហូតដល់វេលាម៉ោង ៥នឹង៣០នាទីល្ងាច ឈ្មោះ លក្ខ័ ភារុន បានរត់មកហៅយាយ និងក្រុមគ្រួសារឲ្យទៅជួយបងប្អូនទាំង២នាក់បានលង់ទឹកបាត់ទៅហើយ ភ្លាមនោះពូរបស់កុមាររងគ្រោះទាំងពីរ និងអ្នកជិតខាង បានរត់ទៅជួយ ចុះហែលរក រហូតដល់វេលាម៉ោង ៦ល្ងាចថ្ងៃដដែលទើបប្រទះឃើញ កុមាររងគ្រោះទាំងពីរ ស្រង់ឡើងមកលើគោកដើម្បីជួយសង្គ្រោះដែរ ប៉ុន្តែកុមាររងគ្រោះទាំងពីរបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យតែម្ដង ។ កន្លងមកកុមាររងគ្រោះទាំងពីរ និងក្មេងៗ ក្នុងភូមិធ្លាប់បានទៅលេងទឹកបឹងជាមួយលោកយាយជាម្ដាយដែរ ពេលទៅរកត្រីនឹងបេះបន្លែយកមកលក់នឹងធ្វើម្ហូបផងដែរ ។ ក្មេងរងគ្រោះទាំងពីរនាក់ខាងលើមិនចេះហែលទឹកនោះទេ ។
តាមការសន្និដ្ឋាន និងពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេស និងតាមការពិនិត្យរបស់ឯកឧត្តម វេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បញ្ជាក់ថា ក្មេងរងគ្រោះស្លាប់ដោយសារលង់ទឹក ។ បច្ចុប្បន្ន សពក្មេងរងគ្រោះទាំង២នាក់បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕





ចែករំលែកព័តមាននេះ