ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ក្រសួងសុខាភិបាល៖ ជំងឺទឹកនោមផ្អែមសម្លាប់ពលរដ្ឋខ្មែរប្រមាណ៥ពាន់នាក់​ក្នុងមួយឆ្នាំ

13 ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺទឹកនោមផ្អែមកំពុងក្លាយជាបញ្ហាសុខភាពដ៏គួរឱ្យបារម្ភនៅកម្ពុជា ដោយបង្កឱ្យមានមរណភាពប្រមាណ៥ ០០០នាក់ក្នុងមួយឆ្នាំ ស្មើនឹង៦,៣% នៃចំនួនអ្នកស្លាប់សរុប។ តួលេខនេះត្រូវបានលើកឡើងក្នុងសិក្ខាសាលាស្តីពីការបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងមានការចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ។

ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ជំងឺទឹកនោមផ្អែមអាចបង្ការបាន ហើយផលវិបាកអាចកាត់បន្ថយ ឬជៀសវាងបាន ប្រសិនបើរកឃើញទាន់ពេល និងទទួលការថែទាំត្រឹមត្រូវ។ សម្តេចបានជំរុញឱ្យគ្រប់ភាគីរួមគ្នាផ្សព្វផ្សាយការយល់ដឹង និងលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព និងសេដ្ឋកិច្ច។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងពីវិធានការសំខាន់ៗចំនួន៤ រួមមាន ការបង្ការជំងឺតាំងពីវ័យកុមារភាព ការជំរុញកិច្ចសហការរវាងវិស័យសុខាភិបាល អប់រំ និងការងារ ការលើកកម្ពស់ការទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះសុខភាព និងការបង្កើតបរិយាកាសសង្គមដែលគាំទ្រដល់ការរស់នៅមានសុខភាពល្អ។ ការបង្ការជំងឺត្រូវការការចូលរួមពីគ្រួសារ សាលារៀន អាជ្ញាធរ និយោជក និងប្រជាពលរដ្ឋគ្រប់រូប។

តាមទិន្នន័យដែលបានលើកឡើងក្នុងសិក្ខាសាលា ជំងឺមិនឆ្លងសំខាន់ៗបង្កឱ្យប្រជាជនកម្ពុជាម្នាក់ក្នុងចំណោម៤នាក់ ស្លាប់មុនអាយុ៧០ឆ្នាំ ហើយជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមជាមូលហេតុសំខាន់នៃមរណភាព។ ដូច្នេះ ការពិនិត្យសុខភាព ការរកឃើញជំងឺឱ្យបានឆាប់ និងការកែប្រែរបៀបរស់នៅ គឺជាវិធានការចាំបាច់ក្នុងការកាត់បន្ថយហានិភ័យ ការពារជីវិត និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ៕