រាជធានីភ្នំពេញ៖ កម្ពុជា និងចិន បានពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកកម្ពស់ចំណេះដឹង និងសមត្ថភាពសិស្សានុសិស្សកម្ពុជាសម្រាប់អនាគត។ ជាក់ស្តែង នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបលោក Justin Yifu Lin សាស្ត្រាចារ្យនៃសាកលវិទ្យាល័យប៉េកាំង និងគណៈប្រតិភូ នៅវិទ្យាស្ថានជាតិអប់រំ ដើម្បីផ្លាស់ប្តូរទស្សនៈ និងបទពិសោធលើការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម និងធនធានមនុស្ស។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងជំនួបនេះ លោកសាស្ត្រាចារ្យបានកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់កម្ពុជា និងបង្ហាញឆន្ទៈចែករំលែកចំណេះដឹង បទពិសោធ និងការអនុវត្តល្អៗ ដើម្បីគាំទ្រការអភិវឌ្ឍប្រទេស។ លោកក៏បានលើកឡើងពីសារៈសំខាន់នៃបច្ចេកវិទ្យា ការសិក្សាពីបទពិសោធជោគជ័យ និងការដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើតឱកាសថ្មី និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ឯកឧត្តម ហង់ជួន ណារ៉ុន បានបញ្ជាក់ពីការបន្តកំណែទម្រង់វិស័យអប់រំកម្ពុជា ដោយផ្តោតលើការពង្រីកឱកាសសិក្សា កែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន លើកកម្ពស់គុណភាពគ្រូបង្រៀន កែលម្អកម្មវិធីសិក្សា និងពង្រឹងសមត្ថភាពអំណាន និងគណិតវិទ្យារបស់សិស្ស។ ការកែទម្រង់ទាំងនេះមានគោលដៅជួយឱ្យសិស្សទទួលបានចំណេះដឹង ជំនាញ និងសមត្ថភាពគិតវិភាគកាន់តែប្រសើរ ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សាកម្រិតខ្ពស់ និងទីផ្សារការងារនាពេលអនាគត។
គួររំលឹកថា លោក Justin Yifu Lin ធ្លាប់បានអញ្ជើញមកកម្ពុជាកាលពីឆ្នាំ២០១០ ក្នុងតួនាទីជាអនុប្រធានជាន់ខ្ពស់ និងជាប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក ដោយបានផ្តល់អនុសាសន៍លើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្មកម្ពុជា។ ជំនួបលើកនេះជាឱកាសបន្តផ្លាស់ប្តូរចំណេះដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដោយផ្តោតលើការអប់រំ ការស្រាវជ្រាវ និងការកសាងធនធានមនុស្ស ដែលជាមូលដ្ឋានសំខាន់សម្រាប់អនាគតសិស្ស និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព៕
ចែករំលែកព័តមាននេះ