ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​តវ៉ា​ចំពោះ​កងកម្លាំង​អាវុធ​ថៃ​ ធ្វើ​សកម្មភាព ឈូស​ឆាយដី និង​ពង្រីក​ផ្លូវ​នៅ​តំបន់​អូរ​ស្មាច់​ ខេត្តឧត្តរមានជ័យ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​កម្ពុជា​តវ៉ា​ចំពោះ​ការ​រំលោភ​បំពាន​ជា​បន្តបន្ទាប់​របស់​ថៃ លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា ដោយ​កងកម្លាំង​អាវុធ​ថៃ បាន​ធ្វើ​សកម្មភាព ឈូស​ឆាយដី និង​ពង្រីក​ផ្លូវ​នៅ​តំបន់​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

យោង​តាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស​ បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​បន្ថែម​ទៀត​ចំពោះ​ការ​បន្ត​រំលោភ​បំពាន​ជា​បន្តបន្ទាប់ របស់​ថៃ មក​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា តាម​បណ្តោយ​ព្រំដែន ​។

ប្រភព​ថា ​នៅ​ចន្លោះ​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ កងកម្លាំងប្រដាប់អាវុធ​ថៃ បាន​ធ្វើ​សកម្មភាព ឈូស​ឆាយដី និង​ពង្រីក​ផ្លូវ​នៅ​តំបន់​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​ ។

រាជរដ្ឋាភិបាល​កម្ពុជា ​តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​សកម្មភាព​ខាងលើ ដែល​ជា​ការ​បំពាន​យ៉ាង​ច្បាស់​លើ អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដូចដែល​បាន​កំណត់ និង​ខណ្ឌសីមា ដោយ​ផែនទី​ខ្នាត ១:២០០.០០០ ផលិត​ដោយ​គណៈកម្មការ​កំណត់ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម អនុលោម​តាម​អនុសញ្ញា បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ​។

សកម្មភាព​ឯកតោភាគី​ទាំងនេះ​ ក៏​រំលោភ​បំពាន​ផង​ដែរ ​លើ​មាត្រា​៥ នៃ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា រវាង​រាជរដ្ឋាភិបាល ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ ស្តី​ពី​ការ​វាស់វែង និងខណ្ឌសីមា​ព្រំដែន​គោក ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០០០ និង​ចំណុច​ទី​១ (​វិធានការ​កាត់​បន្ថយ​ភាព​តានតឹង​) នៃ​សេចក្តី​ប្រកាស​រួម ​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ ព្រំដែន​ទូទៅ​ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ​។

រាជរដ្ឋាភិបាល​កម្ពុជា​ សូម​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ខ្សែបន្ទាត់​ព្រំដែន ឬការ​ទាមទារ​ទឹកដី​ជា​ឯកតោភាគី​ដោយ​ប្រទេស​ថៃ ​នោះ​ឡើយ ហើយ​សកម្មភាព ​ដែល​បាន​រៀបរាប់​ខាងលើ នឹងមិន​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់ ឬ​ជំហរ​របស់​កម្ពុជា​ទាក់ទង​នឹង​ព្រំដែន​អន្តរជាតិ​របស់​ខ្លួន​ឡើយ​។

រាជរដ្ឋាភិបាល​កម្ពុជា ​ទាមទារ​ឱ្យ​ប្រទេស​ថៃ ​បញ្ឈប់ ​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងនេះ​ បញ្ឈប់​រាល់សកម្មភាព​ជា​ឯកតោភាគី ហើយ​ត្រូវ​ធ្វើការ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង លើកកម្ពស់​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំង​រក្សា​សន្តិភាព និង​ភាព​ជា​អ្នក​ជិតខាង​ល្អ តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។

កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជា​ជាមួយ​ប្រទេសជិតខាង​ទាំងអស់ ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ ព្រមទាំង ប្រកាន់ខ្ជាប់​នូវ​ជំហរ​ជា​គោលការណ៍​របស់​ខ្លួន​ថា ខ្សែបន្ទាត់​ព្រំដែន​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​កម្លាំង​នោះ​ឡើយ​ ៕