រាជធានីភ្នំពេញ៖ និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ចំនួន៣៥រូប ត្រូវបានលើកទឹកចិត្តឱ្យខិតខំសិក្សា ឈ្វេងយល់ចំណេះដឹង និងជំនាញថ្មីៗ ព្រមទាំងធ្វើជាតំណាងដ៏ល្អរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ការលើកទឹកចិត្តនេះធ្វើឡើងក្នុងជំនួបសំណេះសំណាលរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងមុខងារសាធារណៈ។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង៣៥រូប និងគូសបញ្ជាក់ថា «ក្តីសង្ឃឹមនៃអនាគតរបស់កម្ពុជា គឺស្ថិតនៅលើធនធានមនុស្ស»។ ឯកឧត្តមក៏បានចែករំលែកបទពិសោធពីការសិក្សានៅបរទេស និងជំរុញឱ្យនិស្សិតខិតខំឈ្វេងយល់ និងទាញយកចំណេះដឹង ជំនាញពីការសិក្សាឱ្យបានពេញលេញ។
ក្រៅពីការសិក្សា ឯកឧត្តមបានណែនាំឱ្យនិស្សិតធ្វើជាអ្នកផ្សព្វផ្សាយពីកម្ពុជា ដោយឈ្វេងយល់ពីប្រវត្តិសាស្ត្រ ការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន និងដំណើរអភិវឌ្ឍន៍របស់ប្រទេស ដើម្បីឱ្យមិត្តភក្តិអន្តរជាតិស្គាល់កាន់តែច្បាស់ពីប្រទេស និងប្រជាជនកម្ពុជា។
ជាការឆ្លើយតប និស្សិតជ័យលាភីបានចែករំលែកពីប្រវត្តិការងារ និងជំនាញដែលត្រូវទៅសិក្សា ព្រមទាំងប្តេជ្ញាចិត្តនាំយកចំណេះដឹង និងជំនាញដែលទទួលបានមកប្រើប្រាស់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ បន្ទាប់ពីបញ្ចប់ការសិក្សា៕
ចែករំលែកព័តមាននេះ