ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សហគមន៍កសិកម្ម៣នៅព្រះវិហារ ​នឹងទទួលបានផ្ទះសំណាញ់ ជំរុញផលិតកម្ម និងបង្កើនប្រាក់ចំណូល

14 ម៉ោង មុន

ខេត្តព្រះវិហារ៖ សហគមន៍កសិកម្មចំនួន៣ នៅខេត្តព្រះវិហារ ត្រូវបានក្រសួងកសិកម្មចុះពិនិត្យ និងវាយតម្លៃទីតាំង ដើម្បីត្រៀមផ្តល់ការគាំទ្រសាងសង់ផ្ទះសំណាញ់ ក្រោមគម្រោង CaWSIP សំដៅជំរុញផលិតកម្មកសិកម្មទំនើប បង្កើនគុណភាពផលិតផល និងប្រាក់ចំណូលរបស់ប្រជាកសិករ។ សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានរបស់លោកបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកគម្រោង CaWSIP-MAFF។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សហគមន៍ទាំង៣ រួមមាន សហគមន៍កសិកម្មរំដួលម្លូព្រៃជាយដែន សហគមន៍កសិកម្មទំនើបតាកឹងបៃតងសាមគ្គី និងសហគមន៍កសិកម្មម្រេចស្រយ៉ង់កោះកេរ្តិ៍ព្រះវិហារ។ ក្នុងដំណើរចុះពិនិត្យ គណៈប្រតិភូបានពិភាក្សាជាមួយតំណាងសហគមន៍ ដើម្បីវាយតម្លៃសក្តានុពលដីធ្លី ប្រភពទឹក ហេដ្ឋារចនាសម្ព័ន្ធ និងលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើប។

ការគាំទ្រតាមរយៈគម្រោងនេះ មានគោលបំណងជួយសហគមន៍ពង្រីកផលិតកម្មក្នុងផ្ទះសំណាញ់ កែលម្អប្រព័ន្ធដាំដុះ បង្កើនទិន្នផល និងគុណភាពផលិតផល ព្រមទាំងសម្រួលការតភ្ជាប់ផលិតកម្មទៅកាន់ទីផ្សារ និងខ្សែច្រវាក់តម្លៃកសិកម្ម។

ការគាំទ្រនេះនឹងរួមចំណែកពង្រឹងសមត្ថភាពសហគមន៍ បង្កើនឱកាសរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាកសិករនៅខេត្តព្រះវិហារ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យកសិកម្មទំនើបប្រកបដោយចីរភាព៕