ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ ច្រានចោល​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា គ្មាន​ការ​ផ្ដល់​យោបល់​ឱ្យ​ចុះបញ្ជី​បង្កើត​គណបក្ស​ថ្មី ដូចសេចក្ដី​ថ្លែង​ការណ៍​​បំ​ភ្លើ​ស​របស់​គណបក្ស​ភ្លើងទៀន​នោះ​ឡើយ​!​ ។

លោក​ ទូច សុ​ឃៈ​ អ្នកនាំពាក្យ​រង ​ក្រសួងមហាផ្ទៃ​ បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២៦​ថា ​សូម​ជម្រាបជូន​សាធារណជន​បាន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ គណបក្ស​ភ្លើងទៀន បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី ដោយ​អះអាង​ថា «​តំណាង​ក្រសួងមហាផ្ទៃ បាន​ផ្តល់​ជា​យោបល់​ឱ្យ​គណៈប្រតិភូ​គណបក្ស​ភ្លើងទៀន ស្វះ​ស្វែងរក​ដំណោះស្រាយ​ថ្មី​ផ្សេង​ទៀត ពោល​គឺ​ការ​ចុះបញ្ជី​បង្កើត​គណបក្ស​នយោបាយ​ថ្មី​» កាលពី​ជំនួប​ពិភាក្សា​ការងារ​លើក​ទី​៥ ជាមួយ​តំណាង​គណបក្ស​ភ្លើងទៀន ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦​ ។

អ្នកនាំពាក្យ​រង​ បាន​បញ្ជាក់​ថា​៖ “​នេះ​ជា​ការ​អះអាង​បំ​ភ្លើ​ស ផ្ទុយ​ពី​ការ​ពិត ដោយ​មាន​ចេតនា​បំភាន់​សាធារណ​មតិ​យ៉ាង​ច្បាស់​ក្រឡែត ដ្បិត​ក្នុង​ជំនួប​នោះ តំណាង​ក្រសួងមហាផ្ទៃ ពុំ​បាន​ណែនាំ ឬ​ផ្តល់​យោបល់​ឱ្យ​គណបក្ស​ភ្លើងទៀន ចុះបញ្ជី​បង្កើត​គណបក្ស​នយោបាយ​ថ្មី ដូច​ខ្លឹមសារ​កំណត់ហេតុ​រួម​សរសេរ​យ៉ាង​ច្បាស់លាស់​បង្ហោះ​ភ្ជាប់​ជូន​ជាមួយ​នេះ​” ​។

អ្នកនាំពាក្យ​រង ​បាន​លើក​ឡើង​ថា ​មិនតែប៉ុណ្ណោះ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ភ្លើងទៀន​ខ្លួនឯង ចុះ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦ បាន​សរសេរ​យ៉ាង​ច្បាស់​ថា […​តំណាង​ក្រសួងមហាផ្ទៃ បាន​ផ្តល់​យោបល់​ឱ្យ​ស្វះ​ស្វែងរក​ដំណោះស្រាយ​ថ្មី​ផ្សេង​ទៀត គឺ​គ្មាន​ឃ្លា​ថា «​ពោល​គឺ​ការ​ចុះបញ្ជី​បង្កើត​គណបក្ស​នយោបាយ​ថ្មី​»] ដូច​សេចក្ដី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ​ទេ​។

លោក​ ទូត សុ​ឃៈ​ ថា​ នេះ​គឺជា​ការ​បង្កើត​និទានកថា មួលបង្កាច់ ធ្វើ​ឱ្យ​ភាន់ច្រឡំ ក្នុង​ទិស​ដៅ​បម្រើ​នយោបាយ​មិន​សុចរិត និង​ផ្ទុយ​ពី​បញ្ញត្តិ​ច្បាប់ ដែល​គណបក្ស​ភ្លើងទៀន មាន​កាតព្វកិច្ច​កែតម្រូវ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ឱ្យ​ត្រឹមត្រូវ​ឡើង​វិញ ​៕