ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឣា​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ករណី​លួច​កាត់​ខ្សែភ្លើង និង​ម៉ាស៊ីនត្រជាក់

16 ម៉ោង មុន

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ​បាន​ទទួល​បណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ សូ​ង ហុង​លាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ស្តី​ពី​ករណី​ចោរលួច​កាត់​ខ្សែភ្លើង​ និង​ម៉ាស៊ីនត្រជាក់​ កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទីថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ចំណុច​អគារ​មួយ​កន្លែង កម្ពស់​០៣​ជាន់​ក្នុង​បុរី​សាន​ហូ ស្ថិត​នៅ​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​បង្ក​ដោយ​ជនសង្ស័យ​ពុំ​ស្គាល់​អត្តសញ្ញាណ​ បាន​ធ្វើ​សកម្មភាព​ចូល​លួច​កាត់​ខ្សែភ្លើង ពេល​ម្ចាស់​អគារ​មក​ទាន់​ក្រុម​ជនសង្ស័យ​បាន​រត់គេច​ខ្លួន បន្សល់​ទុក​ម៉ូតូ​របស់​គេ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៥ ពាក់​ផ្លា​ក​លេខ ស្ទឹង​ត្រែង 1A-0493 ចំនួន​០១​គ្រឿង និង​ឧបករណ៍​សម្រាប់​ធ្វើ​សកម្មភាព​លួច​មួយ​ចំនួន ព្រមទាំង​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​០១​កញ្ចប់ ​។

ក្រោយ​ទទួល​បាន​បណ្ដឹង​ខាងលើ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​អនុសេនីយឯក តិ​ល តៃ​លីវ មេ​បញ្ជ​ការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ឈ្មោះ ចេ​ង សំ​ណា​ន (​ក្តាម​) ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ឈ្មោះ ម៉ៅ បូ​រឹ​ន (​រើ​ន​) ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ព្រមទាំង​ដកហូត​វត្ថុ​តាង​នៃ​បទល្មើស ១.​រណា ប្រវែង​៣០​សង់ទីម៉ែត្រ ចំនួន​០១​ដើម​, ២.​កាំបិត​ចុង​ស្រួច ដង​ជ័រ ពណ៌​លឿង ចំនួន​០៣​ដើម​, ៣.​កាំបិត​មុខ​ពីរ ចំនួន​០២​ដើម​, ៤.​កន្ត្រៃ ចំនួន​០៣​ដើម​, ៥.​ទួ​ឡឺ​វី​ស ចំនួន​០៣​ដើម​, ៦.​កាំបិត​រ៉ូ​ត ចំនួន​០១​ដើម​, ៧.​កន្ត្រៃ​កាត់​ក្រចក​មុខស្រួច ចំនួន​០១​ដើម​, ៨.​ស្រោមសំបុត្រ ពណ៌​ស បិត​ជិត​របស់​អញ្ញាតជន​ចំនួន​០១, ៩.​កាបូបស្ពាយ ចំនួន​០៣, ១០.​ជំ​ពាម ចំនួន​០២​ដើម​, ១១.​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៥ ពាក់​ផ្លា​ក​លេខ ស្ទឹង​ត្រែង 1A-0493 ចំនួន​០១​គ្រឿង (​រក្សា​ទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​ស្រាវជ្រាវ​បន្ត​) ជនសង្ស័យ​ក្រោ​ពី​ឃាត់ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ​ដើម្បី​សួរនាំ និង​បាន​ធ្វើតេស្ត​ទឹកនោម​របស់​ជនសង្ស័យ រក​ឃើញ​មាន​សារធាតុ​ញៀន​ ។

លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ​បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ និង​សួរនាំ​រួច ពិនិត្យ​ឃើញ​ថា ​ពិតជា​មាន​តម្រុយ​ពិរុទ្ធភាព​ នៃ​បទល្មើស ជាប់​ពាក់ព័ន្ធ​លើ​ករណី​លួច​ស្ថាន​ទម្ងន់ទោស​ (​កាត់​ខ្សែភ្លើង, ​ខ្សែ​ម៉ាស៊ីនត្រជាក់​) និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ពិតប្រាកដមែន ។

ដោយ​ផ្អែក​លើ​ច​ម្លើយ​សារភាព​ និង​មាន​វត្ថុ​តាង​ជាក់ស្តែង ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ​។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មើ​ស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពីលោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ​ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ​៕