ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំងមាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យអុំទូក​ឆ្នាំ​២០២៦​ជាង​៤​ម៉ឺន​​នាក់

2 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៣​ ដល់​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា ឆ្នាំ​២០២៦ ជា​ថ្ងៃ​ប្រារ​ព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ខេត្តកំពង់ឆ្នាំង បាន​ទទួល​បាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មក​ដើរ​កម្សាន្ត​សរុប​ចំនួន ៤១​៤៩៥​នាក់ ក្នុង​នោះ​ មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​២៥២​នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍ ក៏​ដូច​ជា​ការិយាល័យ​ទេសចរណ៍​នៃ​ស្នងការដ្ឋាន​នគរ​បាល​​ខេត្តកំពង់ឆ្នាំង ហើយ​ក៏​ជា​តួ​​លេខ​មួយ​ប្រហាក់ប្រហែល​ឆ្នាំ​មុន ដោយ​ឆ្នាំ​២០២៥​ដែរ​ដែល​មាន​ភ្ញៀវ​៤៩៥៣៥​នាក់ ។

យោង​តាម​ការ​បញ្ជាក់​របស់​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា តួលេខ​ភ្ញៀវ​ទេសចរ​ទាំង​អស់នេះ បាន​ធ្វើ​ដំណើរ​មក​ទស្សនា និង​កម្សាន្ត​សប្បាយ​នៅ​តាម​បណ្តា​រមណីយដ្ឋាន​នានា​ មាន​ដូច​ជា តំបន់​ទេសចរណ៍ធម្មជាតិ​  តំបន់​ទេសចរណ៍វប្បធម៌ តំបន់​ទេសចរណ៍​ធារាសាស្ត្រ​  និង​កន្លែង​​កម្សាន្ត​សំខាន់​ៗ​ជា​ច្រើន​ទូ​ទាំង​ខេត្ត​ ។

ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​នេះ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង មន្ទីរ​ទេសចរណ៍ រួម​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​ធានា​បាន​នូវ​ភាព​សប្បាយ​​រីករាយ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ​។

ទន្ទឹម​នឹង​នេះ ការ​រៀបចំ​តុបតែង​លំអ​ក្រុង ការ​រក្សា​អនាម័យ​បរិស្ថាន និង​ការ​គ្រប់គ្រង​តម្លៃ​សេវាកម្ម​ម្ហូបអាហារ និង​កន្លែង​ស្នាក់​នៅ ក៏​ត្រូវ​បាន​អនុវត្ត​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​ ។

កំណើន​នៃ​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្តកំពង់ឆ្នាំង​ នា​ឱកាស​បុណ្យអុំទូក​ឆ្នាំ​២០២៦ នេះ មិន​ត្រឹមតែ​បាន​បង្ហាញ​ពី​ភាព​សុខសាន្ត និង​ការ​ពេញ​និយម​ចំពោះ​សក្តានុពល​ទេសចរណ៍​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​មូលដ្ឋាន និង​បង្កើន​ប្រាក់​ចំណូល​ដល់​អាជីវករ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ក្នុង​វិស័យ​ទេសចរណ៍​ទៀត​ផង ​៕