ខេត្តកណ្ដាល៖ ផ្សារផលិតផលខ្មែរខេត្តកណ្ដាល កំពុងដំណើរការលក់កសិផល និងផលិតផលក្នុងស្រុក ដែលដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ។ ផ្សារនេះបើកលក់រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១រសៀល នៅច្រមុះជ្រូក សួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
ផ្សារផលិតផលខ្មែរនេះ ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០២០ ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកណ្ដាល ដោយមានមន្ទីរពាណិជ្ជកម្មខេត្តជាអ្នកសម្របសម្រួល ក្នុងក្របខណ្ឌគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច។
គោលបំណងសំខាន់របស់ផ្សារនេះ គឺផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច និងក្រុមផលិត ព្រមទាំងជួយភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកទិញឱ្យកាន់តែប្រសើរ។ តាមរយៈនេះ គ្រួសារដែលប្រកបរបរដាំដុះ ចិញ្ចឹមសត្វ និងកែច្នៃផលិតផល អាចបង្កើនការលក់ និងប្រាក់ចំណូល ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសគ្រួសារដែលមានជីវភាពខ្វះខាត។
ការចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ គឺជាការរួមចំណែកជួយកសិករ និងផលិតករក្នុងស្រុក បង្កើនផលិតភាពផលិតកម្ម និងជំរុញសេដ្ឋកិច្ចសហគមន៍ឱ្យកាន់តែរីកចម្រើន។ ដូច្នេះ ប្រជាពលរដ្ឋអាចអញ្ជើញទៅទិញផលិតផលខ្មែរនៅផ្សារនេះរៀងរាល់ចុងសប្ដាហ៍ ដើម្បីចូលរួមលើកស្ទួយកសិករ និងសហគមន៍ក្នុងស្រុក៕
ចែករំលែកព័តមាននេះ