ទីក្រុងវ៉ាស៊ីនតោន៖ យោធាអាមេរិកបញ្ជាក់ថាគ្មានបញ្ហាចោទពាក់ពន្ធនឹងប្រព័ន្ធសន្តិសុខនៅលើម៉ាស៊ីនកុំព្យូទ័ររបស់ខ្លួនទេ។ ការថ្លែងដូច្នេះបន្ទាប់ពីមានព័ត៌មានផ្សាយថាប្រព័ន្ធក្លោតនៃកងទ័ពអាកាសរបស់ខ្លួនត្រូវបានគេហេកចូល។ នៅពេលអ្នកសារព័ត៌មានសួរថាតើប្រព័ន្ធក្លោតរបស់កងទ័ពអាកាសត្រូវបានហេកមែនទេ? មន្ទីរបញ្ចកោណមិនបានឆ្លើយបដិសេធទេ។ ប៉ុន្តែមន្ត្រីក្រសួងសង្គ្រាមម្នាក់ប្រាប់អាអែហ្វប៉េថាប្រព័ន្ធកុំព្យូទ័ររបស់ក្រសួងសង្គ្រាមមានសុវត្ថិភាព, មានសន្តិសុខ និងស្ថិតក្រោមគ្រប់គ្រងរបស់ក្រុមអ្នកជំនាញ២៤ម៉ោងលើ២៤ម៉ោង។ យើងនឹងបន្តគ្រប់គ្រងរាល់ប្រតិបត្តិការសំខាន់ៗ។

ដោយសារវាជាបញ្ហាពាក់ព័ន្ធនឹងគោលនយោបាយ និងសន្តិសុខផ្នែកប្រតិបត្តិការសឹក ក្រសួងសង្គ្រាមសូមមិនធ្វើអត្ថាធិប្បាយទៅលើស្ថានភាពនៃប្រព័ន្ធណិតវើករបស់ខ្លួនទេ។ ទូរទស្សន៍អឹនប៊ីស៊ី (NBC) បានដកស្រង់ប្រសាសន៍របស់មន្ត្រីរដ្ឋាភិបាលអាមេរិកដែលស្នើសុំមិនបញ្ចេញឈ្មោះមកផ្សាយថាប្រព័ន្ធក្លោតរបស់កងទ័ពអាកាសអាមេរិកត្រូវបានគេជ្រៀតចូល។ ប្រសិនបើរងការវាយប្រហារមែន ព័ត៌មានយោធាសំខាន់ៗអាចនឹងត្រូវបែកធ្លាយ។ ដំណឹងស្ដីពីការជ្រៀតចូលប្រព័ន្ធក្លោតនោះត្រូវបានចុះផ្សាយមុនគេដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុនចុះកុងត្រាជាមួយក្រសួងសង្គ្រាមអាមេរិករកឃើញករណីហេកចូលប្រព័ន្ធក្លោតកាលពីដើមឆ្នាំនេះម្ដងហើយ នៅពេលពួកគេផ្ដល់សេវាថែទាំប្រព័ន្ធនោះ។ នេះបើយោងតាមសារព័ត៌មាន Federal News។ ការហេកចូលប្រព័ន្ធក្លោតដែលគេទទួលដំណឹងកាលពីម្សិលមិញនោះជាករណីថ្មីបំផុតនៅក្នុងចំណោមការវាយប្រហារចូលស្ថាប័នសំខាន់ៗរបស់រដ្ឋាភិបាលអាមេរិក និងវិស័យឯកជន។ ប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស៊ីអាយអេ និងអែហ្វប៊ីអាយក៏រាយការណ៍ថាស្ថាប័នរបស់ខ្លួនប៊ិះនឹងត្រូវគេហេកចូលផងដែរ។ ក្រៅពីនេះ ស្ថាប័នផ្គត់ផ្គង់សាច់ប្រាក់ធំៗរបស់អាមេរិករួមទាំង JPMorgan Chase, Visa និង Mastercard សុទ្ធតែរងការហេកចូលដូចគ្នា។

នៅក្នុងករណីផ្សេងទៀតដូចជាការជាប់គាំងសេវាផ្ញើអ៊ីមែល Outlook របស់ក្រុមហ៊ុនម៉ៃក្រូសូហ្វ, ការជាប់គាំងប្រព័ន្ធគ្រប់គ្រងការហោះហើរអស់ជាច្រើនម៉ោង និងការហេកចូលប្រព័ន្ធណិតវើករបស់ NSA កាលពីដើមខែនេះ មន្ត្រីរដ្ឋាភិបាលអាមេរិកដាក់ការស្ដីបន្ទោសទៅលើការថែទាំ ឬការខ្វះចន្លោះផ្ទៃក្នុង ជាជាងការវាយប្រហារពីខាងក្រៅ។ មែនទែនទៅ ការវាយប្រហារពីខាងក្រៅ ឬបញ្ហាផ្ទៃក្នុងនៃប្រព័ន្ធណិតវើកមិនមែនកើតឡើងតែនៅអាមេរិកនោះទេ។ គណៈកម្មការអឺរ៉ុបកាលពីសប្ដាហ៍មុនរាយការណ៍ថាខ្លួនក៏ទទួលរងការវាយប្រហារដោយមានជំនួយពីអេអាយផងដែរកាលពីខែតុលា។ ទីភ្នាក់ងារអាអែហ្វប៉េរងការហេកចូលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងបង្ខំឱ្យបិទដំណើរការប្រព័ន្ធផ្ដល់សេវាជូនអតិថិជន៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ