ភ្លើងប្រចណ្ឌក្លាយជាអ្នកទោស ! ឃើញប្រពន្ធជជែកជាមួយយុវជនម្នាក់ គិតថាជាសហាយ ដេញវាយមិនទាន់ វាយបំផ្លាញម៉ូតូ១គ្រឿង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ភ្លើងប្រចណ្ឌបានធ្វើឲ្យបុរសជាកម្មកររោងចក្រម្នាក់ ក្លាយជាអ្នកទោស ត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ខណៈឃើញប្រពន្ធរបស់ខ្លួនកំពុងឈរជជែកគ្នាជាមួយយុវជនម្នាក់ទៀត គិតនិងយល់ច្រឡំថា ជាសហាយស្មន់ប្រពន្ធក៏ដេញវាយ ។ ប៉ុន្តែខណៈនោះ ដេញមិនទាន់ និងបណ្ដាលឲ្យយុវជននោះដួលរងរបួស ហើយបុរសខាងលើ ក៏យកដុំថ្មវាយបំផ្លាញម៉ូតូរបស់យុវជនរងគ្រោះនោះ១គ្រឿង បណ្ដាលឲ្យរងការខូចខាត ក៏ត្រូវនគរបាលឃាត់ខ្លួនភ្លាមៗ ហើយតាមពិតទៅ យុវជនរងគ្រោះនោះគឺជាបងប្រុសរបស់យុវជនម្នាក់ទៀតដែលជាសង្សាររបស់មិត្តភក្ដិស្រីប្រពន្ធខ្លួនសោះ ។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង២៣ និង៤០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមផ្លូវលំ ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលត្រូវនគរបាលឃាត់ខ្លួនខាងលើ ឈ្មោះហេង ចាន់ណារ៉ុង អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។ ចំណែកយុវជនរងគ្រោះឈ្មោះស៊ុ ណាត អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ដែលមានទីតាំងស្ថិតនៅក្នុងភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ខូចខាតម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1V-5422 ដោយបែកចង្កៀងខ្ទេចតែម្ដង ។
បើតាមនាងជាប្រពន្ធបានអះអាងប្រាប់សមត្ថកិច្ចថា រូបនាងនិងបុរសជាប្ដីឈ្មោះហេង ចាន់ណារ៉ុង រស់នៅមិនសូវចុះសម្រុងនិងគ្នានោះទេ ហើយមានគម្រោងលែងលះគ្នានៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ទី២៩ ឬទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះហើយ ។ ដោយឡែក នៅមុនពេលកើតហេតុ មិត្តភក្ដិស្រីនាងម្នាក់បានទំនាក់ទំនងតាមឆាតហ្វេសប៊ុកសុំមកលេងបន្ទប់ជួលដែលនាងនិងប្ដីស្នាក់នៅ ហើយនាងបានសួរថា មកប៉ុន្មាននាក់ដែរ ? មិត្តភក្ដិរូបនោះ ក៏បានប្រាប់ថា៣នាក់ គឹនាង(មិត្តភក្ដិស្រី)ម្នាក់ សង្សាររបស់នាងម្នាក់ និងបងប្រុសរបស់សង្សារនាងម្នាក់ ។
នារីជាប្រពន្ធបានអះអាងប្រាប់សមត្ថកិច្ចបន្តទៀតថា នាងពុំធ្លាប់ដែលស្គាល់យុវជនជាសង្សារមិត្តភក្ដិនិងបងប្រុសគេពីមុនមកទេ ហើយក្រោយពេលនាងយល់ព្រម អ្នកទាំង៣នាក់នោះក៏បាននាំគ្នាមកបន្ទប់នាង ។ ពេលមកដល់នារីជាមិត្តភក្ដិ និងសង្សារបានជជែកគ្នាលេងនៅក្នុងបន្ទប់ជួលនាង ចំណែកយុវជនរងគ្រោះដែលជាបងប្រុសរបស់សង្សារមិត្តភក្ដិនាងបានឈរជជែកគ្នាលេងជាមួយរូបនាង(ប្រពន្ធជនសង្ស័យ) នៅខាងក្រៅបន្ទប់ ។
ប្រពន្ធរូបនោះបានប្រាប់សមត្ថកិច្ចបន្ថែមថា រហូតដល់ពេលកើតហេតុ ក្រោយពេលត្រលប់មកពីក្រៅចូលដល់បន្ទប់ជួលវិញ បានឃើញនាងនិងយុវជនរងគ្រោះ និងរូបនាងជាប្រពន្ធកំពុងឈរជជែកគ្នាបែបនេះ លោកប្ដីអត់បានសួរនាំឲ្យដឹងរឿងសិនទេ ។ ស្រាប់តែប្រចណ្ឌខឹង ហើយស្រែកឲ្យបងប្អូនរបស់ខ្លួនដែលស្នាក់នៅបន្ទប់ជួលក្បែរនោះឲ្យបកទ្វារដើម្បីយកកាំបិតបុ័ងតោឲ្យខ្លួនកាប់ទៅលើយុវជនជនរងគ្រោះ តែពេលនោះបងប្អូនអត់ព្រមបើកទ្វារឲ្យឡើយ ។
នាងនិយាយបន្ថែមទៀតថា ដោយឡែក ជនរងគ្រោះឈ្មោះស៊ុ ណាត គ្រាន់តែបានឮថា ប្ដីនាងយកកាំបិតកាប់បែបនេះ ក៏បានរត់គេចខ្លួនទាំងព្រលឹងចុងសក់ ហើយក៏ត្រូវប្ដីនាងដេញតាមវាយ ។ ប៉ុន្តែដេញតាមអត់ទាន់ក៏ត្រលប់ក្រោយវិញ រួចយកដុំថ្មវាយបំផ្លាញម៉ូតូជនរងគ្រោះ បណ្ដាលឲ្យរងការខូចខាត ខណៈនោះជនរងគ្រោះក៏បានដួលរងរបួសផងដែរ ចំណែកឯសង្សារមិត្តភក្ដិនាងបានលោតចូលទៅក្នុងទឹកប្រឡាយនៅជិតនោះ យករួចខ្លួនដែរ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ហេតុការណ៍ខាងលើនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ព្រមទាំងនគរបាលប៉ុស្តិ៍កាកាបទី២ ចុះទៅអន្តរាគមន៍ភ្លាមៗ ។ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន រួចនាំយកទៅកាន់ប៉ុស្តិ៍ ដើម្បីសាកសួរនិងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត ៕

ចែករំលែកព័តមាននេះ