ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះថោង​តោង​ស្បៃ​៖ និមិត្តរូប នៃ​ដើម​កំណើត​នគរ​ខ្មែរ និង​អត្តសញ្ញាណ ​នៃ​ប្រពៃណី​អាពាហ៍ពិពាហ៍​ខ្មែរ

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ «​ព្រះថោង​តោង​ស្បៃ​» គឺជា​និមិត្តរូប​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​ក្នុង​ប្រវត្តិសាស្ត្រ ជំនឿ និង​វប្បធម៌​ខ្មែរ ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​រឿងព្រេង​ស្តី​ពី​ការ​កកើត​នគរ​គោក​ធ្លក ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​នគរ​ភ្នំ (​ហ្វូ​ណ​ន​) តាម​រយៈ​ការ​ផ្សំផ្គុំ​រវាង​ព្រះថោង ដែល​ជា​មនុស្ស និង​នាងនាគ ជា​បុត្រី​ស្តេច​នាគ​។ ការ​រួម​គូ​នេះ​តំណាង​ឱ្យ​ការ​រួម​បញ្ចូល​គ្នា​រវាង​មនុស្ស និង​នាគ ព្រមទាំង​ការ​កកើត​នៃ​នគរ និង​អរិយធម៌​ខ្មែរ តាម​ជំនឿ​និង​រឿងព្រេង​បុរាណ​។

តាម​ដំណាល​រឿងព្រេង ព្រះថោង​បាន​តោង​ស្បៃ​នាងនាគ ដើម្បី​យាងចុះ​ទៅ​កាន់​ឋាន​ភុជង្គនាគ ជួប​ព្រះ​បិតា​របស់​នាង​។ រូបភាព​នេះ​បាន​ក្លាយជា​និមិត្តរូប​នៃ​ចំណងអាពាហ៍ពិពាហ៍ ភាព​ស្មោះត្រង់ ការ​រួមរស់​ជា​ធ្លុង​មួយ និង​ការ​គោរព​ឱ្យ​តម្លៃ​ដល់​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​។

កេរដំណែល​វប្បធម៌​នេះ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ថែរក្សា និង​បន្ត​អនុវត្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​រហូត​មក​ដល់​សព្វថ្ងៃ តាម​រយៈ​អាពាហ៍ពិពាហ៍​ប្រពៃណី​ខ្មែរ​។ នៅ​ដំណាក់កាល​ចុង​ក្រោយ​នៃ​ពិធី បន្ទាប់​ពី​ពិធីសំពះផ្ទឹម កូនកំលោះ​តោង​ស្បៃ​ដើរ​តាម​ក្រោយ​កូនក្រមុំ ដើម្បី​រំឭក​ដល់​ដំណាល​រឿង​ព្រះថោង និង​នាងនាគ​។

ដូច្នេះ «​ព្រះថោង​តោង​ស្បៃ​» មិនមែន​គ្រាន់តែ​ជា​កិច្ច​ពិធី​មួយ​ក្នុង​អាពាហ៍ពិពាហ៍​ប្រពៃណី​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កេរដំណែល​វប្បធម៌​អរូបី​ដ៏​មាន​តម្លៃ ជា​សក្ខីភាព​នៃ​ការ​បន្ត​ប្រពៃណី​ពី​បុព្វបុរស​ខ្មែរ និង​ជា​និមិត្តរូប​នៃ​អត្តសញ្ញាណ​ជាតិ ដែល​ផ្សារ​ភ្ជាប់​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​របស់​ប្រជាជាតិ​ខ្មែរ​៕