រាជធានីភ្នំពេញ ៖ ម៉ូតូ១គ្រឿង បានទាក់ដៃចង្កូតជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក ១គ្រឿងទៀត ដែលកំពុងបើកបរស្របគ្នា បណ្ដាលឲ្យដួលខ្ទាតលើផ្លូវ ស្របពេលនោះ ស្រាប់តែមានរថយន្តលាយបេតុង ១គ្រឿង ទៅពីក្រោយជាន់ហ្វ្រាំងឈប់អត់ទាន់ ក៏បានកិនទាំងកំរោល។ ជាហេតុបណ្ដាលឲ្យក្មេងប្រុសជំទង់ ដែលជាសិស្សវិទ្យាល័យម្នាក់ និងជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកយុវជនម្នាក់ទៀត ដែលជាកម្មកររោងចក្រនិងជាអ្នករួមដំណើរជាមួយរងរបួសស្រាល ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុងវត្តភ្នៀតសិម្ពលី ស្ថិតនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ក្មេងប្រុសជំទង់ ដែលស្លាប់ឈ្មោះ នី វណ្ឌា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី អរុណវតី មានទីលំនៅភូមិកុលក្រស្នា សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ រីឯយុវជន ដែលរងរបួសស្រាល និងជាអ្នករួមដំណើរជាមួយគ្នា ឈ្មោះ ទូច រ៉ានុត អាយុ១៨ឆ្នាំ មុខរបរកម្មកររោងក្រមានទីលំនៅភូមិជាមួយគ្នា ។ អ្នកទាំង២នាក់ខាងលើនោះ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HY-3562 ហើយម៉ូតូនេះស្ថិតនៅក្រោមកង់មុខខាងស្ដាំរថយន្តលាយបេតុងនោះតែម្ដង ។
រថយន្តលាយបេតុង ដែលកិនជនរងគ្រោះខាងលើបណ្ដាលឲ្យស្លាប់និងរបួសនោះម៉ាក FISO ពណ៍ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ 5A-2658 ហើយអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។ ដោយឡែកម៉ូតូសណ្ដោងរ៉ឺម៉កមិនចាំម៉ាក និងស្លាកលេខ ដែលបានទាក់ចង្កូតគ្នាជាមួយម៉ូតូរងគ្រោះខាងលើបានបើកបន្លែមល្បឿនគេចបាត់ស្រមោលដែរ ។
សមត្ថកិច្ច បានប្រាប់ថា នៅមុនពេលកើតហេតុក្មេងប្រុសជំទង់ឈ្មោះ នី វណ្ឌា បានបើកបរម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥នោះឌុបយុវជនឈ្មោះ ទូច រ៉ានុត ធ្វើដំណើរតាមផ្លូវបេតុងវត្តភ្នៀតសិម្ពលី ក្នុងទិសដៅពីកើតទៅលិច ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានប៉ះដៃចង្កូតគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក ដែលកំពុងបើកស្របគ្នា បណ្ដាលឲ្យដួលខ្ទាតទៅលើផ្លូវ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា ស្របពេលនោះ រថយន្តលាយបេតុងម៉ាក FISO បើកស្របគ្នាទៅពីក្រោយឈប់អត់ទាន់ ក៏ជ្រុលទៅកិនទាំងមនុស្សនិងម៉ូតូ បណ្ដាលឲ្យក្មេងប្រុសជំទង់ខាងលើស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយយុវជនរួមដំណើររងរបួសស្រាល ។ ចំណែកម៉ូតូត្រូវកង់មុខខាងស្ដាំរថយន្តលាយបេតុងនេះ កិនជាប់រងការខូចខាតទាំងស្រុង បន្ទាប់មកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ រីឯម៉ូតូសណ្ដោងរ៉ឺម៉កក៏បានបើកគេចបាត់ស្រមោលដែរ ។
ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោរ និងកម្លាំងអធិការដ្ឋានខណ្ឌកំបូលបានចុះទៅកាន់កន្លែងកើតហេតុ រួចរាយការណ៍ជូនកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ចុះទៅធ្វើការវាស់វែងនាំយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ និងប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ